បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលស្ត្រីរងគ្រោះរូបនេះ បានដើរឆ្លងផ្លូវដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តដែលកំពុងបោះពួយយ៉ាងលឿន បុកចំពេញតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨វេលាម៉ោង ១១ និង ២០ នាទី ថ្ងៃត្រង់ លើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មខេត្តបាត់ដំបង រវាងរថយន្តម៉ាកលុចស៊ីស ពណ៌សពាក់ស្លាកលេខ បាត់ដំបង2B2327 ជាមួយ នឹង ថ្មើរជើង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺរថយន្តកំពុងបោះពួយយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់បានដើរឆ្លងផ្លូវ ទើបទំនងជារថយន្តមិនអាចបញ្ឈប់យានបាន ក៏បានបុកតែម្តង ធ្វើអោយស្ត្រីរូបនោះស្លាប់នៅនឹងកន្លែង។
អ្នកបើកបររថយន្តនោះមានឈ្មោះផេង ដានី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាគាំ២សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកស្ត្រីដែលស្លាប់នោះមានឈ្មោះហើយ សល់ ភេទស្រី អាយុ៦៥ឆ្នាំ ទីលំនៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោលខេត្តបាត់ដំបង។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments