ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើអំពាវនាវមួយឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុង ឃុំ សង្កាត់ ទូទាំងប្រទេស នេះបើតាមសេចក្តីអំពានាវចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
សេចក្ដីអំពាវនាវរបស់ គ.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ ត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ ទៅតាមឯកសារសំអាងច្បាស់លាស់។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរ ដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គឺអ្នកដែលកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ និងប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ក្រុមចុះឈ្មោះបោះឆ្នោត ទៅតាមឃុំ សង្កាត់ ដែលកំពុងរស់នៅ។
ទាក់ទងបញ្ហានេះ គ.ជ.ប ក៏បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះផងដែរ ដោយបានអះអាងថា ការចុះឈ្មោះអ្នកសង្កេតការទាំងអស់ នឹងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ហើយគ.ជ.ប សង្ឃឹមថា សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណបក្សនយោបាយ កបឃ.ស និងលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) នឹងយកចិត្តទុកដាក់សហការគ្នាល្អ ដើម្បីជំរុញឲ្យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះប្រកបដោយជោគជ័យ៕
Source: Kampuchea Thmey Daily
0 Comments