ភ្នំពេញ ៖ ជនរងគ្រោះពីរនាក់បងប្អូន ខណៈជិះម៉ូតូត្រឡប់មកពីធ្វើការវេនយប់វិញ ជិតនឹងដល់ផ្ទះជួយទៅហើយនោះ ស្រាប់តែត្រូវក្រុមជនល្មើសមានគ្នា៦នាក់ជិះម៉ូតូដេញតាមពីក្រោយ រួចដកខ្សែក្រវាត់ដេញវាយជនរងគ្រោះរត់ចោលម៉ូតូ ទើបចោរប្លន់បានសម្រេចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវជាតិលេខ៣ដែលស្ថិតនៅ ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះហម ចាន់ដៃ ភេទប្រុសអាយុ២១ឆ្នាំមុខរបរ កម្មកររោងចក្រ TK CHEN FU -CO-lTD ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ម៉ូតូដែលជនសង្ស័យប្លន់យក ម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ បិទស្កុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GV-3927។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់និងប្អូនប្រុសរបស់គាត់បានត្រលប់មកពីធ្វើការវេនយប់នៅម្ដុំជិតវត្តព្រៃស្ពឺតាមបណ្ដោយផ្លូវជាតិលេខ ៣ស្រាប់តែមានជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ ៣គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ចំនួន ២ គ្រឿងនិងម៉ាកzoomer-xចំនួន ១គ្រឿង បន្ទាប់មកជនសង្ស័យទាំង ៦ នាក់ខាងលើបានជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជនសង្ស័យជិះម៉ូតូមួយគ្រឿងបានបើកមកកាក់ពីមុខជនរងគ្រោះហើយបានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំង២នាក់ ហើយជនរងគ្រោះបានផ្តួលម៉ូតូចោលជនសង្ស័យនៅតែតាមដេញ វាយជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលទាំង២នាក់ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះទៅបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោកដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments