ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជាអះអាងថា ទំនាក់ទំនងកម្ពុជា-ចិនរយៈពេល២ឆ្នាំចុងក្រោយនេះ បានឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងឱកាសអនុញ្ញាតឲ្យលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនាក់ទំនងល្អនេះ ក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់លោក ស្យុង ប៉ ដែលបានជំរុញឲ្យកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ជាច្រើន ប្រែក្លាយឲ្យទៅជាការអនុវត្តជាក់ស្តែងទាំងក្របខណ្ឌកិច្ចប្រតិបត្តិរវាងប្រទេស និងប្រទេស ក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជនលើគ្រប់វិស័យ។ ជាពិសេសលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរបស់ចិននៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ធ្វើឲ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្ម និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា។ ទន្ទឹមនឹងនោះក៏បាននាំចូលពីប្រទេសកម្ពុជាលើផលិតផល កសិកម្មជាច្រើនប្រភេទផងដែរ។
ជាការឆ្លើយតបលោក ស្យុង ប៉ បានមានប្រសាសន៍ថា កម្ពុជា និងចិនដែលប្រៀបដូចជាគ្រួសារតែមួយ ដោយចិននៅតែបន្តគាំទ្រជួយដល់កម្ពុជាឲ្យក្លាយជាប្រទេស ដែលប្រជាជនមានជីវភាពល្អប្រសើរនៅឆ្នាំ២០៣០ខាងមុខ។ លោកឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសយើងទាំងពីរចិន-កម្ពុជា ដែលបានកសាងឡើងដោយអតីត ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំប្រទេសចិន។ ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំប្រទេសទាំងពីរបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននឹងកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ។
នេះបើយោងតាមប្រសាសន៍លោក កែវ ពិសិដ្ឋនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានប្រាប់អ្នកសាព័ត៌មានក្រោយជំនួបនោះ៕
Source: Kampuchea Thmey Daily
0 Comments