ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ត្រូវជួបក្រុមក្រសួងការពារជាតិ (ទ័ព) ហើយក្រុមវេស្ទើនភ្នំពេញ ប៉ះក្រុមអាស៊ីអឺរ៉ុប និងក្រុមណាហ្គាវើល ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសប្តាហ៍ចុងក្រោយពោលគឺសប្ដាហ៍ទី២២នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*អគ្គីសនីកម្ពុជា ប៉ះក្រសួងការពារជាតិ
ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ត្រូវប៉ះក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ព្រមទាំងមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់កម្ពុជា ផងដែរ។ សម្រាប់ក្រុមអគ្គីសនីកម្ពុជា បានត្រឹមកៅអីលេខ២នៅតំបន់បាតតារាង ក្រោយប្រកួតឈ្នះបាន១លើក ស្មើគ្នា៣លើក និងចាញ់១៦លើកក្នុងប្រកួតកន្លងមក។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមនេះបានដាក់គោលដៅរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈក្រុមនេះទើបតែខកចិត្តក្រោយធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
ក្រោយកក់កៅអីចំណាត់ថ្នាក់លេខ៤រួចរាល់ក្រុមក្រសួងការពារជាតិ ត្រៀមដាក់កីឡាករខ្មែរសុទ្ធសម្រាប់ប្រកួតនេះ ខណៈលោក ភា សុភ័ត្រា ដែលជាគ្រូបង្វឹកបានត្រឹមអង្គុយមើលកូនក្រុមនៅក្រៅទីលានដោយហេតុថាលោកនៅជាប់បម្រាមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅឡើយ។ ក្នុងជើងទី២នេះក្លិបបានបន្ថែមកីឡាករសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ការរបូតពិន្ទុពីដៃ។ ងាកទៅមើល២១ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន១២លើក ស្មើ៣លើកនិងចាញ់៦លើក។
*វេស្ទើនភ្នំពេញ ប៉ះអាស៊ីអឺរ៉ុប
ក្រុមបាល់ទាត់វេស្ទើនភ្នំពេញត្រូវបើកទ្វាកីឡដ្ឋានវេស្ទើន របស់ខ្លួនស្វាគមន៍ក្រុមអាស៊ីអឺរ៉ុប នៅវេលាម៉ោង៣រសៀល ហើយប្រកួតនេះក៏មានផ្សាយតាមហ្វេសប៊ុករបស់CNCC ផងដែរ។ ក្រុមវេស្ទើនភ្នំពេញ ទើបតែរកបាន១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់២១ប្រកួតមកនេះ។ ក្រុមនេះកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក FIZOL BIN A.RAZAK។ ឆ្លងកាត់ការប្រកួតមួយរយៈពេលនេះមកលោកបានមើលឃើញពីកម្រិតប្រកួតប្រជែងនិងតម្រូវការទាមទារនៅក្នុងលីគកម្ពុជា ដែលជាបទពិសោធល្អសម្រាប់កីឡាករក្មេងៗរបស់លោកក៏ដូចជាសម្រាប់លោកផ្ទាល់ផងដែរ។
ចំពោះក្រុមអាស៊ីអឺរ៉ុប វិញកំពុងតែស្រោចស្រង់កីឡដ្ឋាន AEU Sport Park របស់ខ្លួនដោយសារតែទឹកជំនន់បណ្តាលឲ្យបាក់ទំនប់ហើយទឹកហូរចូលពេញបរិវេណកីឡដ្ឋាន។ ក្រុមអាស៊ីអឺរ៉ុប កំពុងដឹកនាំដោយលោក សុក វាសនា ពេលនេះកំពុងឈរចំណាត់ថ្នាក់លេខ៨ បណ្តោះអាសន្នក្នុងតារាងរួមដែលមានក្រុមចំនួន១២ ក្រោយប្រកួតបាន២១លើក ឈ្នះបាន៧លើក ស្មើគ្នា៦លើក និងចាញ់៨លើក មាន២៧ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមក្រោយរកគ្រាប់បាន២២គ្រាប់ម្នាក់ឯងកន្លងមកនេះ។
*ណាហ្គាវើល ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រុមណាហ្គាវើល ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ព្រមទាំងផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ ប្រកួតនេះបានសម្រេចបើកឲ្យមហាជនចូលរួមទស្សនាដោយសេរីផងដែរ ដើម្បីអបអរដល់ក្រុមណាហ្គាវើល ដែលឈ្នះជើងឯកប្រចាំរដូវកាល។ ក្រុមណាហ្គាវើល កំពុងឈរលេខ១ ក្នុងតារាងរួម ក្រោយប្រកួតឈ្នះបាន១៦លើក ស្មើគ្នា២លើក និងចាញ់២លើក។ លោក មាស ចាន់ណា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC A License បានអរគុណដល់កូនក្រុមដែលជាផ្នែកជួយឲ្យលោកសម្រេចគោលបំណងលើកពានឡើងវិញក្រោយខកខានអស់រយៈពេល៩ឆ្នាំ។
ចំពោះក្រុមប៉ូលីស វិញកំពុងឈរលេខ៩ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៧លើក ស្មើគ្នា៤លើកនិងចាញ់១០លើក។ លោក សារ៉េត ស៊ីដន គ្រូបង្វឹកថ្មីក្នុងក្រុមនេះរំពឹងថា កូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតដើម្បីប្រជែងយកចំណាត់ថ្នាក់ល្អនៅក្នុងតារាងរួម ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។
ចំណែកប្រកួតផ្សេងទៀតប្រចាំសប្ដាហ៍ចុងក្រោយនេះត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមវិសាខា នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ខណៈក្រុមបឹងកេតជួបភ្នំពេញក្រោន នៅវេលាម៉ោង៦ល្ងាចដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាម CNCC និងក្រុមសូលទីឡូអង្គរ ប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៣និង៣០នាទីលើទីលានកីឡដ្ឋានខេត្តសៀមរាប មានផ្សាយផ្ទាល់តាមហ្វេសប៊ុកកម្ពុជាថ្មី៕
Source: Kampuchea Thmey Daily
0 Comments