សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបសហការជាមួយនគរបាលស្រុកសូទ្រនិគមកាលពីយប់ ថ្ងៃទី ២៧ខែកញ្ញាឆ្នាំ ២០១៨ បានចាប់ឃាត់រថយន្តដឹកឈើមួយគ្រឿង ម៉ាកកាមរីបាឡែនប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើទៀតហើយ ខណៈដែលប្រភពបានទម្លាយថាមេព្រៃរាល់ថ្ងៃសម្ងំរាប់ក្បាលឡានយកលុយ។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅរសៀលថ្ងៃទី២៨នេះថា ការចាប់រថយន្តខាងលើ ដំបូងឡើយធ្វើតាមបណ្តឹងជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ តាមអង្គហេតុរថយន្តម៉ាកបាឡែនដឹងឈើ គ្មានស្លាកលេខនេះ បានបើកខោករថយន្ដម៉ាកកូរ៉ូឡាបណ្ដាលឲ្យខូចផ្នែកខាងមុខនិងចំហៀង ហើយបានព្យាយាមបើកគេចមិននៅដោះស្រាយ។ ដោយ មានស្ថានមិននៅទទួលខុសត្រូវទើបម្ចាស់រថយន្ដកូរ៉ូឡា រាយការណ៍មកអធិការដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ដើម្បីទាមទារសំណងលើការខូចខាត។
លុះកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានបានចេញទៅឃាត់រថយន្ដបង្កបាននៅចំណុចខាងលើ ម្ចាស់រថយន្ដទាំងពីរ បានសម្របសម្រួលគ្នាព្រមសងលើការខូចខាត។ លោកបន្តថា ក្រោយចប់ដំណោះស្រាយហើយ កម្លាំងសមត្ថកិច្ចបានបន្តឃាត់រថយន្ដបាឡែននោះទុក ដោយសាររថយន្ដនោះមានផ្ទុកឈើខាងក្នុង។ លុះព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២៨ ក៏បានសហការនិងជំនាញរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ និងវាស់វែងជាក់ស្ដែង។ ជាលទ្ធផលរកឃើញឈើប្រភេទលេខ១ សុក្រំ គ្មានច្បាប់ចំនួន១៥ដុំស្មើ១,០៤ ម៉ែត្រគូប។ ទាំងឡាននិងឈើប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើសង្កាត់ដំដែករក្សាទុកដើម្បីចាត់ការបន្ត។
ចំណែកប្រភពព័ត៌មានបានបង្ហើបថា ជារៀងរាល់ថ្ងៃមានឡាននិងគោយន្តដឹកឈើ ជាច្រើនគ្រឿងបានសម្រុកដឹកឈើចេញពីតំបន់ព្រៃរដ្ឋ យកមកទីរួមខេត្តសៀមរាបនិងខេត្តផ្សេងៗទៀតដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ។ ប្រភពបន្តថា មេព្រៃតាមស្នាក់ការនៅតំបន់នោះម្នាក់ៗសម្ងំរាប់ក្បាលឡានឈើយកលុយតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments