Ad Code

គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​ប្តេជ្ញាចិត្ត​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ



ភ្នំ​ពេ​ញ ៖ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ប្តេជ្ញា​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​ល្អ​ប្រសើរ ព្រោះ​ជា​ប្រយោជន៍​រួម​របស់​សង្គមជាតិ​ទាំងមូល ទោះបី​មានការ​ប្រឈម​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ។

ប្រជាពលរដ្ឋ​ខ្លះ​រិះគន់ ឬ ជេរប្រមាថ អាជ្ញាធរ ពេល​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ម្ដងៗ ។ ប៉ុន្តែ​ជាក់ស្តែង​ប្រជាពលរដ្ឋ​ទាំងនេះ​ទៅវិញ​ទេ ដែលជា​អ្នកទទួលផល​ល្អ​ពី​ការរៀបចំ​សណ្តាប់​ធ្នាប់​នេះ​ដដែល។

​ការ​ប្តេជ្ញាចិត្ត​ជាថ្មី​របស់​អភិបាលខណ្ឌ​ច្បារអំពៅ នា​ពេល​នេះ ធ្វើឡើង​ចំពោះមុខ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ អាណត្តិ​ទី​២ នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា នា​សាលប្រជុំ​សាលាខណ្ឌ​ច្បារអំពៅ។



​លោក​ចេង មុនី​រ៉ា ថ្លែងថា ការរៀបចំ​សណ្តាប់​ធ្នាប់​នេះ គឺ មិនបាន​ចំណេញ​អ្វី​ទាល់តែសោះ ដល់​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ តែ​វា​ជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ទាំង​អ្នក​ជិះរថយន្ដ ជិះ​ម៉ូតូ និង អ្នក​ថ្មើរជើង ជាដើម ។ ពេល​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ បានល្អ ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏​រលូន​ទៅតាម​នោះដែរ គឺ​ចំណេញ​ពេលវេលា ដែល​គ្មាន​អ្វីដែល​អាច​ទិញ​ពេលវេលា​បានទេ។

ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ លោក​ចេង មុនី​រ៉ា បន្តថា ការ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់ នេះ គឺ មាន​ទាំង​អ្នក​សរសើរ និង អ្នក​ជេរ​ស្តី។ ប៉ុន្តែ​អ្នក​ទាំងអស់នោះ គឺ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ​ទាំងអស់។

លោក​ចេង មុនី​រ៉ា សង្កត់ធ្ងន់ ថា ទោះបីជា​ប្រឈម​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​គណៈ​អភិបាល​សម្រេចចិត្ត​រួមគ្នា ប្តេជ្ញាចិត្ត​រួមគ្នា មិន​រាថយ​ដាច់ខាត ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ល្អ​ប្រសើរ ព្រោះ​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ទាំងមូល។

ផ្លូវ​៣៦៩​ចាប់​គល់​ស្ពាន​ព្រះមុនីវង្ស​ដល់​ច្រាំង​បាក់ និង មុខ​ផ្សារ​ព្រែក​ឯង​ជាដើម គឺ ជា​មុខសញ្ញា​នៃ​ការរៀបចំ​សណ្តាប់​ធ្នាប់​ឲ្យ​ខាន​តែ​បាន។ លោក ចេង មុនី​រ៉ា បញ្ជាក់​ថា អាជ្ញាធរ​ត្រូវ​ជូនដំណឹង ជាមុន បើក​កិច្ចប្រជុំ​ដោយមាន​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់ និង មាន​ប្រសិទ្ធភាព​របស់​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ក្នុងការ​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu