Ad Code

មូលនិធិ​GE​របស់​សហរដ្ឋអាមេរិក​ នឹង​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​បច្ចេកទេស​នៃ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​មូលនិធិ​GE​របស់​សហរដ្ឋអាមេរិក​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដែលមាន​មន្ទីរពេទ្យ​កាល់ម៉ែត និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​លើ​បច្ចេកទេស​នៃ​ការវះកាត់​ដល់​គ្រូពេទ្យ​កម្ពុជា​ប្រកបដោយ​សុ​វត្តិភាព។

ការប្រកាស​ជួយ​អភិវឌ្ឍន៍​លើ​ជំនាញ​វះកាត់​ដល់​គ្រូពេទ្យ​កម្ពុជា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​ការវះកាត់​ប្រកបដោយ​សុ​វត្តិភាព ឆ្នាំ​២០២០ រវាង​កម្ពុជា និង​មូលនិធិ GE ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនិង​តំណាង​ក្រុមហ៊ុន GE Global Growth​ដោយ​ចូលរួម​ធ្វើជា​សាក្សី​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខណៈ​ដែល​សម្តេច​បាន​អញ្ជើញ​ទៅ​ចូលរួម​នៅក្នុង​សម័យប្រជុំ​លើក​ទី 73 នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ។

មូលនិធិ GE បាន​គាំទ្រ​ការពង្រីក កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ (SAFE SURGERY 2020) ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ជាដើម​ជាមួយ​ថវិកា 25​លាន​ដុល្លារ​ចំពោះ​ការវះកាត់​ប្រកបដោយ​សុវត្ថិ​ភាពជា​សកល​ខណៈ​ដែល​តំបន់​នេះ​ការ​វះ កាត់​នៅមានកម្រិត ទាប​បំផុត​នៅឡើយ​នៅក្នុង​ពិភពលោក​ស្រប​ពេលដែល​បច្ចុប្បន្ន ៩៧% នៃ​ប្រជាជន​ក្នុង​តំបន់​មិនអាច​ទទួលបាន ការវះកាត់​ដោយ​សុវត្ថិភាព​។

លោក Ann Klee ប្រធាន​មូលនិធិ GE បាន​លើកឡើងថា «​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ផ្តោត​ទៅ លើ​ការកសាង​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បន្ត​កែលម្អ​ការវះកាត់​យូរ អង្វែង នៅក្នុង​ពេលអនាគត​។ រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​លើកកម្ពស់​គុណភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​ការថែទាំ​សុខភាព​នៅក្នុង​ប្រទេស ហើយ​មូលនិធិ GE រីករាយ​ក្នុង ការសហការ​ជាមួយ​ក្រសួង​សុខ ភិ​បាល ដើម្បី​លើកកម្ពស់​ផ្នែក​វះកាត់​នេះ»។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ​«​យើង​មាន​ក្តីរំភើប​រីករាយ​ដែល​ត្រូវ បានជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ដំណើរការ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​នេះ។ វា​ផ្តល់​នូវ ឱកាស​បណ្តុះបណ្តាល​ថ្មី សម្រាប់​ក្រុម​គ្រូពេទ្យ​វះកាត់​បច្ចុប្បន្ន​របស់​យើង - កម្មវិធី​នេះ​ក៏​នឹង​គាំទ្រ​បន្ថែម​ទៀតហើយ​សង្ឃឹម ថា​នឹង​ព​ន្លឿ​ន​ការដាក់ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ធានារ៉ាប់រង​សុខភាព​សាកល​នាពេល​អនាគត​ខាង​មុខ​នេះ​»។

កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 បំពេញបន្ថែម​យ៉ាង​ល្អប្រសើរ​លើ​កម្មវិធី​ថែទាំ​សុខភាព​ដែល​គាំទ្រ​ដោយ មូលនិធិ GE ដែល​បានចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2009​។​
លោក លឹម តារា​រិ​ទ្ធិ ប្រធាន​តំណាង​ក្រុមហ៊ុន GE​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា​«​ខណៈដែល​គំនិត​ផ្តួចផ្តើម​នេះ​ផ្តោត​សំខាន់ លើ​ការ​ផ្តល់នូវ​ការព្យាបាល​ចាំបាច់ ដូចជា​ការបណ្តុះបណ្តាល និង​ឧបករណ៍​វិ​ជ្ជ​សាស្ត្រ​ទៅឱ្យ​មន្ទីរពេទ្យ​ដែល​ខ្វះ​ធនធាន កម្មវិធី​ដែល​ផ្តោតលើ​ជំនាញ​ឯកទេស នេះ​ផ្តល់នូវ​អត្ថប្រយោជន៍ រយៈពេល​វែង​សម្រាប់​ក្រុមគ្រូពេទ្យ​វះកាត់​របស់​យើង​នៅ​ទូទាំងប្រទេស​»​។​

ចំពោះ​ការវិនិយោគ​របស់​មូលនិធិ GE ក្នុងការ​វះកាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​អនុវត្ត​បន្ត​លើ​ការងារ​អស់​រយៈ ពេល​ជាង 10 ឆ្នាំ​នៅ ក្នុង​តំបន់ ដើម្បី​កែលម្អ​ការទទួលបាន​សេវា​ថែទាំ​សុខភាព​ដែលមាន​គុណភាព របស់ សហគមន៍​ជនបទ និង​សហគមន៍​ងាយ រងគ្រោះ​។​

ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន GE និង​មូលនិធិ GE បានផ្តល់​ថវិកា​ចំនួន 12 លាន​ដុល្លារ ដើម្បី​នាំយក​ឧបករណ៍ វេជ្ជសាស្ត្រ​ទំនើបៗ បង្កើត​កម្មវិធី​បណ្តុះ បណ្តាល​បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​ជីវ​វេជ្ជសាស្ត្រ (BMET) ដោយ​សហការ ជាមួយ​សាកល​វិទ្យា ល័យ Duke និង​អង្គការ​សុខភាព​វិស្វកម្ម​ពិភពលោក ហើយ​បង្កើន​លទ្ធភាព​ទទួល​ទឹក​សុវត្ថិភាព ដោយ ឧបត្ថម្ភ​ប្រព័ន្ធ​ប​ន្សុ​ត​ទឹក ជាមួយនឹង​ការបណ្តុះបណ្តាល​សម្រាប់​ម​ជ្ឈ​មណ្ឌល​ថែទាំ​សុខភាព​នានា​ហើយ​កម្មវិធី នេះ​បាន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​ជាង 40 នៅក្នុង​ខេត្ត​ចំនួន 25។

គួរ​បញ្ជាក់ថា ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 2015 ជាមួយនឹង​គោលដៅ​កាត់បន្ថយ​ការ​ស្លាប់ ដែល​អាច​បង្ការ​បាន និង​ការ​ពន្លឿន​ការ​ទទួល​បាន​សេវា​វះកាត់​ប្រកបដោយ​សុវត្ថិភាព និង​ការប្រើ​ថ្នាំ​សណ្តំ នៅ​ទូទាំង ពិភពលោក។

គោលបំណង សំខាន់ៗ​របស់​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020 ដើម្បី​កាត់បន្ថយ​ការស្លាប់​ដែល​អាច​បង្ការ​បាន​ពី​លក្ខខណ្ឌ​ជម្ងឺ​ដែល​អាច​ព្យាបាល​ដោយ​ការវះកាត់​ដោយ​បង្កើន គុណភាព​នៃ​ការថែទាំ និង​បង្កើន​ចំនួន​នៃ​ការវះកាត់​ក្នុង​កន្លែង​វះកាត់ ដែល គាំទ្រ​ដោយ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ 2020​និង​ការពង្រីក​ការ​កសាង​និង​ពង្រឹង​ប្រព័ន្ធ​អេកូ​សាស្ត្រ​ប្រកបដោយ​និរន្ត​ភាព​សម្រាប់​ការវះកាត់ សង្គ្រោះ​បន្ទាន់​នៅក្នុង​តំបន់​ក្រីក្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu