Ad Code

កីឡាករ​២​នាក់​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន លើកឡើង​ពី​ការហ្វឹកហាត់​បែប​ថ្មី​របស់​អ្នកចាត់ការ​ក្រុម Keisuke Honda



កីឡាករ​២​នាក់​ក្នុងចំណោម​៤​នាក់​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន គឺ ស៊ិន កក្កដា និង​អ៊ុក សុវណ្ណ បាន​លើក​ឡើង​ពី​ការ​បង្វឹក​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda ក្រោយ​កោះហៅ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា អស់​មួយរយៈ​មកនេះ​ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​។



កីឡាករ​វ័យក្មេង​ជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ គឺ​កីឡាករ ស៊ិន កក្កដា បាន​យល់​ឃើញ​ថា « នេះ​ជា​លើក​ទី​៥ ហើយ​សម្រាប់​ការ​ជាប់​ជម្រើសជាតិ​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​រៀនសូត្រ​បាន​ច្រើនណាស់​ពី​ក្រុម​ជម្រើសជាតិ ។ គ្រូបង្វឹក​ថ្មី​បាន​មើល​លើ​ទម្រង់​លេង​របស់​យើង ហើយ​គាត់​បកស្រាយ​ប្រាប់​ពី​ចំនុច​ខ្វះខាត​របស់​យើង ជា​រួម​ខ្ញុំ​យល់​ឃើញ​ថា ​វត្តមាន​រប​ស់​គាត់​គឺ​ល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​»​។



ដោយឡែក​ខ្សែការពារ​ស្តាំ​គឺ​កីឡាករ អ៊ុក សុវណ្ណ បាន​និយាយថា «​នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ខ្ញុំ​ដែល​ជាប់​ឈ្មោះ​ជាមួយ​ក្រុម​ជម្រើសជាតិ ចំពោះ​ការដឹកនាំ​របស់​គ្រូ​ថ្មី​គឺ​ល្អ​ទាំង​ការរៀបចំ និង​ការជ្រើសរើស​កីឡាករ ដោយ​ពួកគាត់​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​គុណភាព និង​ជា​កីឡាករ​ល្អៗ​ប្រចាំ​ក្លឹប​របស់ខ្លួន។ ចំពោះ​គ្រូ​ថ្មី​របស់​យើង ខ្ញុំ​យល់ថា​ពួកគាត់​ទាំងពីរ​គឺ​ល្អ​មានបទពិសោធន៍​ច្រើន​ទាក់ទង​នឹង​ការ​លេង​របស់​គាត់​ទាំង​នៅ​តំបន់​អាស៊ី និង​នៅ​តំបន់​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើលឃើញ​ពី​ចំនុច​ខ្វះខាត​របស់​យើង ដើម្បី​ឲ្យ​យើង​ធ្វើការ​កែលម្អរ​»។



ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​បាន​៤​ថ្ងៃ​មក​ហើយ ដើម្បី​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ភ្ញៀវ​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​នឹង​ធ្វើឡើង​នៅ ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ​។ កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ប្រទេស​ជប៉ុន​គឺ Keisuke Honda បាន​ចូលរួម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​ខ្លួនឯង​ផ្ទាល់​ចាប់ពី​ថ្ងៃ​ប្រមូលផ្តុំ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​រហូតដល់​ថ្ងៃ​ប្រកួត​តែម្តង​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu