Ad Code

ធា​រី ចន្ថា​ប៊ី​ន ជា​កីឡាករ​អាស៊ាន​ម្នាក់​ក្នុងចំណោម​៣​នាក់​ដែល​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​ក្នុង​ពានរង្វាន់ Malaysia Cup



ក្នុង​ពានរង្វាន់ Malaysia Cup របស់​ប្រទេស​ម៉ាឡេស៊ី កំពុងតែ​មមាញឹក​មុន​ពេល​សម្រាក​ឲ្យ​ក្រុម​ជម្រើសជាតិ​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ខណៈ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា កំពុង​ប្រកប​អាជីព​នៅ​ក្លិប​Terengganu FA បានបង្ហាញ​ពី​សមត្ថភាព​ដ៏​ល្អ​ម្នាក់​ក្នុងចំណោម​កីឡាករ​របស់​ប្រជាជាតិ​អាស៊ាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។

សារព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា ​កីឡាករ​ទាំងបី​នាក់​នោះ​គឺមាន​កីឡាករ Shahdan Sulaiman របស់​ក្លិប​Melaka United FA កីឡាករ ធា​រី ចន្ថា​ប៊ី​ន នៅ​ក្លិប​Terengganu Fa​និង​កីឡាករ Safuwan Baharudin របស់​ក្លិប​Pahang FA​។ សម្រាប់​ក្លិប​Terengganu កំពុងតែ​បង្ហាញ​ទម្រង់​លេង​បានល្អ​ក្នុង Malaysia Cup ហើយក៏​ក្លាយជា​ក្រុម​ដំបូង​គេ​បំផុត​ដែល​ឡើងទៅ​វគ្គ​១៦​ក្រុម​ទោះបីជា​ការប្រកួត​ចុងក្រោយ​ចាញ់ Perak ២​ទល់​១​ក្ដី​។



សម្រាប់​លទ្ធផល​ល្អ​កន្លង​មក​នេះ​ គឺ​កើតឡើង​មកពី​កីឡាករ​លេង​ក្រុម ប៉ុន្តែ ចន្ថា​ប៊ី​ន បាន​បង្ហាញ​ពី​ឥទ្ធិពល​មិនអាច​ខ្វះ​បាន​របស់ខ្លួន​ក្នុង​តំបន់​បម្រើ​របស់​ក្រុម បើ​ធៀប​នឹង​កីឡាករ​ផ្សេងៗ​នៅក្នុង​ក្រុម​។ អវត្តមាន​របស់​កីឡាករ​រូបនេះ បានធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​បាន​ចាញ់​គូប្រកួត​ព្រោះតែ​គ្មាន​កម្លាំង​សំខាន់​នៅ​តំបន់​បម្រើ​។ ប៉ុន្តែ​ការប្រកួត​ទាំងអស់​ក្នុង Malaysia Cup ធា​រី ចន្ថា​ប៊ី​ន មាន​វត្តមាន​រហូត​ហើយ​តួរ​នាទី​របស់គេ​មាន​តួនាទី​យ៉ាងសំខាន់​។



សូម​បញ្ជាក់​ថា ​ដំណើរ​ដំបូង​របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​មក​កាន់​កម្ពុជា ដោយ​ចុះ​កិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​។

នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្រកប​អាជីព​ក្នុង​ក្លិប អំឡុង​ពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu