អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្តេជ្ញាកាលពីថ្ងៃសុក្រក្នុងការកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំបើទោះបីជានៅតែមានការខ្វែងគំនិតគ្នាអំពីសិទិ្ធស៊ីវិលនិងបញ្ហាផ្សេងៗក៏ដោយ។
លោក Erdogan កំពុងធ្វើទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសសេដ្ឋកិច្ចកំពូលនៃសហភាពអឺរ៉ុបមួយនេះដែលជាកន្លែងមានជនជាតិដើមទួរគីចំនួន៣លាននាក់។
ប្រទេសទួរគីទទួលរងនូវវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបណ្តាលមកពីជម្លោះជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះត្រូវបានធ្វើឡើងក្រោមសន្តិសុខដ៏តឹងរ៉ឹងដោយមានប៉ូលិសបន្ថែមចំនួន៤,០០០នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងប៊ែរឡាំងខណៈការតវ៉ាជាច្រើនត្រូវបានគ្រោងទុកប្រឆាំងនឹងមេដឹកនាំទួរគីរូបនេះក្រោមផ្ទាំងបដាដែលសរសេរថា “លោក Erdogan មិនត្រូវបានស្វាគមន៍ទេ”។
ទន្ទឹមនឹងនោះ លោកស្រី Merkel និងលោក Erdogan បានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងទំនាក់ទំនងជាប្រពៃណីឡើងវិញដែលបានធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្របន្ទាប់ពីរដ្ឋប្រហារបរាជ័យឆ្នាំ២០១៦និងការបង្ក្រាបជាបន្តបន្ទាប់នៅក្នុងប្រទេសទួរគី។
លោកស្រី Merkel បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា សម្ព័ន្ធមិត្តអង្គការណាតូទាំងពីរបានព្រមព្រៀងពិភាក្សារួមគ្នាអំពីវិបត្តិស៊ីរីនៅក្នុងកិច្ចប្រជុំមួយនៅខែក្រោយនេះជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងលោក Emmanuel Macron នៃប្រទេសបារាំង។
ប៉ុន្តែគម្លាតរវាងពួកគេនៅតែមានលើបញ្ហានានាចាប់ពីសេរីភាពសារព័ត៌មានដល់ជោគវាសនារបស់ពលរដ្ឋអាល្លឺម៉ង់ឬអ្នកមានសញ្ជាតិពីរដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅប្រទេសទួរគីនិងថាតើអាល្លឺម៉ង់គួរតែធ្វើបត្យាប័នគូសត្រូវដែលប្រកាសដោយលោក Erdogan ដែរឬក៏អត់។
ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា ការសន្ទនាជាបន្តគឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីយកឈ្នះលើភាពខុសគ្នាទាំងនោះ។
លោកស្រីក៏បានប្ដេជ្ញាថានឹងបន្តជំរុញឲ្យដោះលែងពលរដ្ឋអាល្លឺម៉ង់៥នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសទួរគីផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments