Ad Code

កោះ Nauru តម្រូវ​ឲ្យ​ចិន​សុំទោស​សម្រាប់ “​ការ​មិន​គោរព​” នៅ​វេទិកា​ប៉ាស៊ីហ្វិក



ប្រធានាធិបតី​កោះ Nauru បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​ធ្វើការ​សុំទោស​ចំពោះ​អាកប្បកិរិយា​របស់​អ្នកការទូត​កំពូល​ម្នាក់​នៅ​វេទិកា​កោះ​ប៉ាស៊ីហ្វិក​ហើយ​បាន​រិះគន់​ចំពោះ​វត្តមាន “​ក្រអឺតក្រទម​” របស់​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​នេះ​។​

លោក​ប្រធានាធិបតី Baron Waqa បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ពួកគេ​មិនមែនជា​មិត្ត​របស់​យើង​ទេ។ ពួកគេ​គ្រាន់តែ​ត្រូវការ​យើង​សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​”​។​

សន្និសីទ​តំបន់​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​ក្នុងឆ្នាំនេះ​ដែល​បានបញ្ចប់​នៅ​កោះ Nauru កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ដ៏​តឹងតែង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​៤៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ​។​

កិច្ចពិភាក្សា​ជាទូទៅ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ត្រូវបាន​រំខាន​ដោយ​ជម្លោះ​របស់​ម្ចាស់ផ្ទះ​ជាមួយ​ប្រទេស​ចិន​និង​ទង្វើ​របស់ខ្លួន​ចំពោះ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ឃុំឃាំង​នៅលើ​កោះ​នេះ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អូស្ត្រាលី​។​

ជម្លោះ​ការទូត​បានធ្វើ​ឲ្យ​កោះ Nauru ដែលមាន​ប្រជាជន​១១,០០០​នាក់​និង​ផ្ទៃដី​ត្រឹមតែ​២១​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ត្រូវ​ប្រឆាំង​ជាមួយនឹង​មហាអំណាច​អាស៊ី​។​

វា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​អង្គារ​នៅពេលដែល​ប្រមុខ​គណៈប្រតិភូ​ចិន​លោក Du Qiwen បាន​ប៉ុនប៉ង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ​ប៉ុន្តែ​លោក Waqa បាន​បដិសេធ​ឲ្យ​គាត់​និយាយ​រហូតដល់​មេដឹកនាំ​កោះ​បានបញ្ចប់​។​

បន្ទាប់មក​គណៈប្រតិភូ​ចិន​បាន​ងើប​ចេញពី​កៅអី​ដោយ​លោក Du បាន​ដើរ​ជុំវិញ​បន្ទប់​ដើម្បី​បញ្ជាក់​ពី​ភាពមិន​សប្បាយចិត្ត​រប​ស់​គាត់​មុនពេល​ចាកចេញ​។​

លោក Waqa បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា “​តើ​គាត់​នឹងមាន​ឥរិយាបទ​ដូចនេះ​ទេ​នៅ​ចំពោះមុខ​ប្រធានាធិបតី​ផ្ទាល់​របស់គាត់​? ប្រហែល​ហើយ​មើលទៅ​”​។​

លោក​បន្តថា “​គាត់​មិន​គោរព​វេទិកា​ប៉ាស៊ីហ្វិក​ដែល​អ្នកដឹកនាំ​និង​រដ្ឋមន្ត្រី​ផ្សេងទៀត​បានមក​ចូលរួម​ជាមួយ​យើង​នៅក្នុង​ទឹកដី​របស់​យើង​។ តើ​អ្នក​កំពុង​លេងសើច​ឬ​!​។ គាត់​មិនមែន​សូម្បីតែ​ជា​រដ្ឋមន្ត្រី​ម្នាក់​ហើយ​គាត់​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​និង​និយាយ​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី Tuvalu​។ តើ​គាត់​ឆ្កួត​មែន​ទេ​? ”។

គួរ​បញ្ជាក់​ថា លោក Waqa ដែល​ប្រទេស​របស់​គាត់​បាន​គាំទ្រ​កោះ​តៃវ៉ាន់​គឺ​បាន​បង្ក​ការ​ខឹង​សម្បា​ដល់ទី​ក្រុង​ប៉េកាំង​រួច​ទៅ​ហើយ​មុនពេល​កិច្ចប្រជុំ​កំពូល​នេះ​ចាប់ផ្តើម​ជុំវិញ​ជម្លោះ​ទិដ្ឋាការ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu