Ad Code

វិចារណកថា​របស់​កា​សែត ​New York Times​ ៖ ​មន្ត្រីជាន់ខ្ពស់​របស់​លោក​Trump ពណ៌នា​អំពី​ការ​តស៊ូ​នៅក្នុង​រដ្ឋបាល



កាលពី​ថ្ងៃ​ពុធ​លោក Donald Trump បាន​អំពាវនាវ​ឲ្យ​បង្ហាញមុខ​មន្ត្រីជាន់ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​បាន​សរសេរ​នៅក្នុង​កាសែត New York Times ថា សមាជិក​កំពូលៗ​នៃ​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រធានាធិបតី​ដើម្បី​ទប់ស្កាត់ “​ការដឹកនាំ​មិន​ត្រឹមត្រូវ​” របស់លោក​។​

លោក Trump បាន​ចោទ​សួរ​ថា ​តើ​អត្ថបទ​វិចារណកថា​មិនមាន​ចុះហត្ថលេខា​នោះ​អាច​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ក្បត់​ដែរ​ឬក៏​អត់​ហើយ​សួរថា​តើ​មន្ត្រីជាន់ខ្ពស់​រូបនោះ​បាន​សន្មត​ថា​វា​ពិត​ជាមាន​មែន​ឬទេ​។​

លោក Trump បាន​បង្ហោះ​ពាក្យ​ថា “​ក្បត់​?” ក្នុងការ​ឆ្លើយតប​ទៅនឹង​អត្ថបទ​ដែលមាន​ចំណងជើង​ថា “​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​នៅ​ខាងក្នុង​រដ្ឋបាល​របស់​លោក Trump” ដែល​បាន​អះអាងថា បុគ្គលិក​ផ្ទាល់​របស់លោក​ប្រធានាធិបតី​បានចាត់ទុក​គាត់​ថា​ជា​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។​

លោក Trump បាន​បង្ហោះ Twitter ថា “​តើ​អ្នក​ដែល​គេ​ហៅថា ‘​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​’ ពិតជា​មាន​មែន​ទេ​ឬ​វា​គ្រាន់តែ​ជាការ​បរាជ័យ​ក្នុង​កាសែត New York Times ជាមួយនឹង​ប្រភព​ក្លែងក្លាយ​មួយ​ផ្សេងទៀត​ប៉ុណ្ណោះ​? ។ ប្រសិនបើ​ជនអនាមិក​ដ៏​កំសាក​នោះ​ពិត​ជាមាន​មែន​នោះ កាសែត Times ត្រូវតែ​ប្រគល់​គាត់​ទៅ​ឲ្យ​រដ្ឋាភិបាល​ភ្លាមៗ​សម្រាប់​គោលបំណង​សន្តិសុខ​ជាតិ​!”​។​

នៅក្នុង​អត្ថបទ​នោះ មន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា ពួកគេ​បាន​ប្តេជ្ញាចិត្ត​ចំពោះ​របៀបវារៈ​នៃ​គណបក្ស​សាធារណរដ្ឋ​ហើយ​មិនបាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ទេ​។

ប៉ុន្តែ​មន្ត្រី​រូបនេះ​បានសរសេរថា “​យើង​ជឿជាក់ថា​កាតព្វកិច្ច​ចម្បង​របស់​យើង​គឺ​ដើម្បី​ប្រទេស​នេះហើយ​លោក​ប្រធានាធិបតី​នៅតែ​បន្តធ្វើ​សកម្មភាព​ក្នុង​លក្ខណៈ​ដែល​ប៉ះពាល់​ដល់​សុខភាព​នៃ​សាធារណរដ្ឋ​របស់​យើង​”​។​

អត្ថបទ​វិចារណកថា​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​មាន​សម្រង់​ពី​សៀវភៅ​មួយ​ដែល​ក៏បាន​អះអាង​ផងដែរ​ថា បុគ្គលិក​សេត​វិមាន​កំពុង​ប្រយុទ្ធ​តស៊ូ​ដើម្បី​ទប់​ទល់នឹង​ការជិះជាន់​ដ៏​អាក្រក់​បំផុត​របស់​ប្រធានាធិបតី​។​

កាសែត Times បាន​ទទួលស្គាល់ថា វា​ជា “​ជំហាន​ដ៏​កម្រ​” នៃ​ការបោះ​ពុ​ម្ភ​ផ្សាយ​វិចារណកថា​អនាមិក​ប៉ុន្តែ​បាន​និយាយថា ការងារ​របស់​មន្ត្រី​រូបនោះ​នឹងត្រូវ​បាន​គំរាមកំហែង​ប្រសិនបើ​ពួកគេ​បញ្ចេញ​អត្តសញ្ញាណ​គាត់​ហើយ​ថា កាសែត​ដឹងថា នរណា​ជា​សរសេរ​អត្ថបទ​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu