ភ្នំពេញ ៖ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ និង តំណាង ធនាគារADB បានចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងបច្ចេកទេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវអយស្ម័យយាន ការតភ្ជាប់ក្នុងតំបន់ យន្តការ នៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងនានាផងដែរដើម្បីធានាបាននូវភាពឈ្នះ-ឈ្នះលើការអភិវឌ្ឍន៍គម្រោងនានា។
ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឲ្យលោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជាចូលជួបសំណេះសំណាល និងសម្ដែងការគួរសម និងពិភាក្សាលើប្រធានបទរួមស្ដីពីការចែករំលែកនូវបទពិសោធន៍លើកិច្ចការអនុវត្ត។
ជាមួយគ្នានេះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដែលបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យម ហើយមានចក្ខុវិស័យប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ហើយកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ខាងមុខ។
ក្នុងឱកាសនោះ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ និង លោកជំទាវ Sunniya Durrani-Jamal ក៏បានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នា លើប្រធានបទអំពីនគរូបនីយកម្ម ការរៀបចំផែនការទីក្រុង វិស្វកម្ម វិស័យសុខាភិបាល វិស័យអប់រំ ការប្រព្រឹត្តកម្មទឹក ការផ្គត់ផ្គង់ទឹកស្អាត អភិបាលកិច្ច និងប្រវត្តិសាស្ត្រផងដែរ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
Source: Kampuchea Thmey Daily
0 Comments