Ad Code

នៅ​វេលា​រសៀល​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​មហាសន្និបាត ស ស យ ក



ភ្នំពេញ ​៖​ នៅ​ម៉ោង៣​រសៀល ​ថ្ងៃ​ទី​២៧​វិច្ឆិកា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ អញ្ជើញ​បិទ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់ ស​.​ស​.​យ​.​ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ។​

​ពិធី​បើក​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៤ របស់ ស​.​ស​.​យ​.​ក ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម អធិបតីភាព​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពី​ទូទាំង​២៥ រាជធានី​-​ខេត្ត​ប្រមាណ ១.៣០០​នាក់​។​

​ក្នុងទិសដៅ​ការងារ​បន្ដ​ដែល​បាន​ដាក់ចេញ ស​.​ស​.​យ​.​ក ប្ដេជ្ញា​បន្ដ​អនុវត្ត «​ចលនា​យុវជន​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​» ដែល​ភ្ជាប់​ក្នុង​ឧបសម្ពន្ធ​ នៃ​សេចក្ដីសម្រេចចិត្ត​របស់​មហាសន្និបាត​សមាគម​យុវជន​កម្ពុជា ឆ្នាំ​២០១២ និង​ដែល​ត្រូវធ្វើ​បច្ចុប្បន្ន​ភាពជា​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១២-២០២៣។

ផែនការ​យុទ្ធសាស្ត្រ «​ចលនា​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ​» នេះ ​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ ស្របតាម​វិវត្តន៍​ជាក់ស្ដែង ​នៃ​សង្គមជាតិ​ដោយ​គណៈកម្មាធិការ​កណ្ដាល ស​.​ស​.​យ​.​ក​។​

​តាមរយៈ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​ លើក​ទី ៤ ស​.​ស​.​យ​.​ក បានសម្រេច​បញ្ចូល​សមា​ជិ​ក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ចំនួន​១៥​រូប​បន្ថែមទៀត​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​នៅ​ក្នុង​អង្គការ​ចាត់តាំង​ដែលមាន​អាយុកាល៤០​ឆ្នាំ​មកនេះ​។​

​សមាជិក​ថ្មី​ទាំង១៥​រូប​រួមមាន​ ៖ ១.លោកស្រី ចម និម្មល​, ២.លោក ជាម ច័​ន្ធ​សោ​ភ័​ណ្ឌ​, ៣.លោក​ស្រី មិថុនា ភូ​ថង​, ៤.លោក ថង សាវុន​, ៥.លោក ទៀ សីហា​, ៦.លោកស្រី បាន ស្រីមុំ​, ៧.លោក ម៉ុម សារឿន​, ៨.លោក វ៉ា ថន​, ៩.លោក សុខ ពុទ្ធិ​វុ​ធ​, ១០.លោក សុខ សប្បាយ​ណា​, ១១.លោក សំហេង បុរស​, ១២.លោក ហេង សុខ​គង់​, ១៣.លោក ហេង សួរ​, ១៤.លោក ហ៊ុយ វណ្ណៈ​, ១៥.លោក អ៊ុន ចាន់​ដា​។​

បច្ចុប្បន្ន​ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុ​ជា មាន​សមា​ជិ​ក​គណៈកម្មាធិការ​កណ្ដាល​សរុប​១៤២​រូប​ដែល​ទើបនឹង​បោះឆ្នោត​បន្ថែម​៤៣​រូប។ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​បូក​បញ្ចូល​សមាជិក​ថ្មី​១៥​រូប​ទៀត ដូច្នេះ​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​កើន​ដល់​៣៥​រូប។​

​ស​.​ស​.​យ​.​ក នឹង​ជំរុញ​បន្ត​ពង្រីក​រចនាសម្ព័ន្ធ ​និង​ក្រុមការងារ ស​.​ស​.​យ​.​ក ឲ្យ​បានសម្រេច​តាម​លក្ខន្តិកៈ​របស់ខ្លួន​ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ ពង្រីក​សកម្មភាព​ និង​ជំរុញ​បេសកកម្ម​បុព្វហេតុ​របស់ ស​.​ស​.​យ​.​ក ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​ និង​ជ្រាប​ដល់​បេះដូង​របស់​យុវជន​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុងប្រទេស។

បន្ដ​សកម្មភាព​លើក​ស្ទួយ​នូវ​ឧត្ដមភាព កិត្តិនាម​ជាតិ និង ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ប្រវត្តិ សាស្ដ្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿ​ សាសនា​ ដែល​ជា​អត្តសញ្ញាណ​ជាតិ ​និង​បន្ត​លើកកម្ពស់​សមត្ថភាព​ជំនាញ ផលិតភាព ចំណេះដឹង និង​បំណិន​ជីវិត​របស់​យុវជន​។​

បន្ថែម​ពីនេះ ​បន្ដ​ជំរុញ​យុវជន​ឲ្យ​ចូលរួម​កម្មវិធី​ស្ម័គ្រចិត្ត​កម្មវិធីសិក្សា​កម្ម​វិធី​មនុស្សធម៌​ ឬ​ការងារ​ស្ម័គ្រ​ចិត្ត​នៅតាម​សហគមន៍​ដើម្បី​យុវជន​បាន​សាកល្បង​ចំណេះដឹង​ទេពកោសល្យ ការ​ច្នៃប្រឌិត​ និង​ទទួល​បាន​បទពិសោធន៍​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu