Ad Code

ខេមរៈ សិរីមន្ត ទទួល​បាន​កាដូរ​ចំណងដៃ​កូនស្រី​ទី​៣​ ក្រោយ​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជិត​១០​ឆ្នាំ​



​ភ្នំពេញ ​៖​ តារា​ចម្រៀង​ប្រុស​លំដាប់​ប្រទេស​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន ​លោក ខេមរៈ សិរីមន្ត អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ​ក្រោយពេល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​លើ​វិថី​មួយ​នេះ​​ លោក​តែង​បាន​ព្យាយាម​លាក់បាំង​ចំណង​ស្នេហ៍​ជាមួយ​ភរិយា​ស្របច្បាប់​របស់​ខ្លួន។

ចំពោះ​ការបិទបាំង​សម្ពន្ធភាព​ស្នេហា​ប្ដី​-​ប្រពន្ធ​ពី​សំណាក់​តារា​ចម្រៀង​ លោក ​ខេមរៈ សិរីមន្ត ដែល​មាន​រយៈពេល​ជាច្រើន​ឆ្នាំ ​ពី​ក្រសែភ្នែក​របស់​មហាជន​អ្នកគាំទ្រ​កន្លងមក​នោះ ​ក៏បាន​ធ្វើ​ឲ្យ​ប្រភព​ជិត​ស្និទ្ធ​មួយចំនួន​ធ្លាប់​ចេញមុខ​ទម្លាយ​ជា​បន្តបន្ទាប់​។​ ប៉ុន្តែ​ជា​រឿងៗ​ តារា​ប្រុស​រូបនេះ​ហាក់​ធ្វើ​ពុំ​ដឹង​អ្វី​ទាំងអស់ ​និង​ថែមទាំង​ច្រានចោល​ព័ត៌មាន​ទាំងនោះ​ទៀតផង​។​

យ៉ាងណាមិញ ​ខុសពី​ពាក្យចាស់​ធ្លាប់​ដំណាល​ប្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​នោះឡើយ​ ពោលគឺ ដំរី​ងាប់​មិនអាច​យក​ចង្អេរ​បាំង​ជិត​ឡើយ ឬមួយ​ឃ្លា​ទៀត​គឺ​ក្រដាស​មិនអាច​យកមក​ខ្ចប់​ភ្លើង​បានទេ។​

ជាក់ស្ដែង​មិន​ខុស​អ្វី​នឹង​រឿងរ៉ាវ​របស់ លោក ខេ​មរៈ សិរីមន្ត នោះឡើយ ​ការពិត​ក៏​ត្រូវបាន​បែកធ្លាយ​និង​លាតត្រដាង​រហូត​សាមីខ្លួន ​លោក ខេមរៈ សិរីមន្ត ដាច់ចិត្ត​ចេញមុខ​ទទួល​ស្គាល់​ការពិត​កាលពី​អំឡុង​ដើមឆ្នាំ​២០១៨​ លើ​ករណី​មាន​ប្រពន្ធ​កូន​ផង​នោះ​។​

ជាមួយគ្នា ​នៃ​ការចេញមុខ​ទទួលស្គាល់​របស់ លោក ខេមរៈ សិរីមន្ត នេះ​ដែរ​ កាលនោះ​លោក​ក៏បាន​បញ្ជាក់​ថា​ ក្រៅតែពី​ខ្លួន​បាន​រៀបការ​ស្របច្បាប់​ជាមួយ​ប្រពន្ធ​ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ហើយ​នោះ​ គឺ​លោក​ថែមទាំង​មានកូន​ចំនួន​២​នាក់​ ជា​ចំណងដៃ​ផង​ដែរ​។ ខណៈដែល​ពេលនេះ​ក៏​ស្រាប់​តែមាន​ដំណឹង​ នៃ​ការទទួលបាន​កាដូរ​ចំណងដៃ​កូនស្រី​ទី​៣​ម្នាក់​ទៀត​ផង​នោះ​។​

ផ្អែក​តាម​ប្រភព​ស្និទ្ធស្នាល​ស្ថិតក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​បាន​និយាយ​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​កន្លង​នេះ ​ភរិយា​របស់ លោក ខេមរៈ សិរីមន្ត ក្រោយពេល​ពពោះ​ជាច្រើន​ខែ​មក​ហើយ​នោះ ​ពេលនេះ​បានធ្វើ​ការវះកាត់​សម្រាល​កូនស្រី​ទី​៣​របស់​ខ្លួន​ដ៏​គួរ​ឲ្យ​ស្រឡាញ់ នៅ​ឯ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​។​

ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ​គិត​រហូត​មកទល់ពេលនេះ ​តារា​ចម្រៀង​ប្រុស ​លោក ខេមរៈ សិរីមន្ត គឺ​មាន​កូន​ចំនួន​៣​នាក់​ហើយ ដោយ​ក្នុងនោះ ​៖ កូនប្រុស​ទី​១,​ឈ្មោះ ខេមរៈ មន្ត​ស្នេ ហ៍ អាយុ​៥​ឆ្នាំ​,​កូនស្រី​ទី​២,​ឈ្មោះ ខេមរៈ ស្ដ្រី​ មាន​វ័យ​ជាង​២​ឆ្នាំ ​និង​កូនស្រី​ពៅ​ទី​៣​ដែល​ទើប​ត្រូវបាន​សម្រាល​នេះ​មិនទាន់​ដឹងថា​មានឈ្មោះ​អ្វី​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu