ប៉ូលិសបាននិយាយថា រថយន្តមួយគ្រឿងបានបើកទៅលើចិញ្ចើមផ្លូវមួយនៅភាគនិរតីប្រទេសចិនកាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស៧នាក់និងរងរបួស៤នាក់ដែលហេតុការណ៍នេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកបើកបរម្នាក់ទៀតបានបើកបុកក្មេងៗសិស្សសាលានៅភាគឦសានប្រទេស។
ប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកបរត្រូវបានឃាត់ខ្លួនហើយមូលហេតុនៃឧបទ្ទវហេតុនៅក្រុង Leshan ក្នុងខេត្ត Sichuan មួយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
សេចក្តីថ្លែងការណ៍ដដែលនិយាយថាអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
យោងតាមភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា រថយន្តនេះបានបើកទៅលើចិញ្ចើមផ្លូវហើយបុកចំណតរថយន្ដក្រុងនៅពេលព្រឹក។
គ្រោះថ្នាក់នេះបានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកបើកបរម្នាក់បានបើកបុកក្មេងៗសិស្សសាលាមួយក្រុមដែលឆ្លងកាត់ផ្លូវនៅទីក្រុង Huludao ក្នុងខេត្ត Liaoning ភាគឦសាន។
យោងតាមទីភ្នាក់ងារ Xinhua ដែលដកស្រង់សំដីប៉ូលិសបានឲ្យដឹងថា កុមារ៥នាក់បានស្លាប់និង១៩នាក់ទៀតរងរបួសបន្ទាប់ពីអ្នកបើកបរបានបើកបុករះជនរងគ្រោះដោយមិនរើសមុខ។
អ្នកបើកបរអាយុ២៩ឆ្នាំដែលជាអ្នករស់នៅក្នុងខេត្ត Liaoning មានបំណងធ្វើអត្តឃាតខ្លួនឯងដោយសារតែមានជម្លោះជាមួយប្រពន្ធរបស់គាត់មុនពេលគាត់បើករថយន្តបុកក្មេងៗ។
គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សគឺជារឿងធម្មតានៅក្នុងប្រទេសចិនដែលបទប្បញ្ញត្តិចរាចរណ៍ជាញឹកញាប់ត្រូវបានបំពានឬមិនបានអនុវត្ត។
យោងតាមអាជ្ញាធរបានឲ្យដឹងថា ដោយគ្រាន់តែនៅក្នុងឆ្នាំ២០១៥ មនុស្សចំនួន៥៨,០០០នាក់ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុទូទាំងប្រទេស។
ការបំពានច្បាប់ចរាចរណ៍ត្រូវបានគេបន្ទោសសម្រាប់ជិត៩០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សស្លាប់ឬរបួសនៅឆ្នាំនោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments