ប៉ូលិសទួរគីកាលពីថ្ងៃចន្ទ បានឆែកឆេរវិឡាររបស់ជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់នៅខេត្តភាគពាយព្យដើម្បីរកសាកសពអ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Jamal Khashoggi ។
ភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា ក្រុមមន្ត្រីបានចាប់ផ្តើមឆែកឆេរអគារមួយដែលមានកម្ពស់ពីរជាន់នៅស្រុក Termal ក្នុងខេត្ត Yalova ដោយមានជំនួយពីសត្វឆ្កែហិតក្លិននិងយន្តហោះដ្រូនមុនពេលការស៊ើបអង្កេតបានពង្រីកទៅវីឡាមួយទៀតដែលនៅជាប់គ្នា។
លោក Khashoggi ត្រូវបានសម្លាប់ដោយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី២ខែតុលាក្នុងអំឡុងពេលធ្វើដំណើរនៅស្ថានកុងស៊ុលរបស់អារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការបំពេញក្រដាសស្នាមមុនពេលរៀបការ។
វិឡារដំបូងដែលត្រូវបានឆែកឆេរគឺជាកម្មសិទ្ធិរបស់បុរសអារ៉ាប៊ីសាអ៊ូឌីតម្នាក់ដែលរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុលនិយាយថា ជាបុរសដែលបាននិយាយជាមួយជនសង្ស័យម្នាក់ក្នុងករណីឃាតកម្មនេះកាលពីថ្ងៃទី១ខែតុលា។
រដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាត្រូវបានគេជឿថា អ្វីដែលត្រូវបានគេពិភាក្សានោះគឺរបៀបបំផ្លាញឬលាក់សាកសពរបស់អ្នកកាសែត Jamal Khashoggi”។
រដ្ឋអាជ្ញាបានបន្ថែមថា ព័ត៌មាននេះគឺជាហេតុផលដែលត្រូវបានផ្តល់ឲ្យដើម្បីឆែកឆេរអគារ។
Anadolu បានរាយការណ៍កាលពីដំបូងថា ក្រុមអ្នកស៊ើបអង្កេតកន្លែងកើតហេតុកំពុងពិនិត្យមើលអណ្តូងមួយនៅសួនច្បាររបស់វីឡាដំបូងនៅក្នុងភូមិ Samanli។
រដ្ឋអាជ្ញាទួរគីបាននិយាយថា លោក Khashoggi ត្រូវបានគេរឹត.តមុនពេលគាត់ត្រូវបានគេកាត់ជាបំណែក។
សាកសពរបស់គាត់មិនត្រូវបានគេរកឃើញទេហើយការស្លាប់របស់គាត់បានធ្វើឲ្យមានការរិះគន់ជាអន្តរជាតិលើរដ្ឋាភិបាលទីក្រុងរីយ៉ាដ។ មានសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលថា សាកសពរបស់អ្នកកាសែតរូបនេះអាចត្រូវបានរំលាយនៅក្នុងទឹកអាស៊ីត។
គួរបញ្ជាក់ថា ការឆែកឆេរកាលពីថ្ងៃចន្ទបានកើតឡើងក្នុងរយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីកាសែត Sabah បានរាយការណ៍ថា សំណាកដែលយកចេញពីស្ថានកុងស៊ុលបានបង្ហាញពីដាននៃទឹកអាស៊ីត៕ AFP
Source: Kampuchea Thmey Daily
0 Comments