កំពង់ឆ្នាំង ៖ បុរសជើងខ្លាំងម្នាក់ ក្នុងក្រុមក្មេងទំនើង១ក្រុម ដែលត្រូវកងរាជអាវុធហត្ថស្នាក់ការ៥០០ ឈរជើង នៅស្រុកសាមគ្គីមានជ័យ ចាប់ខ្លួន បន្ទាប់ពីបានអុកឡុក និងបងរបួសស្នាមប្រជាពលរដ្ឋលក់ដូរក្នុងហាងមួយ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានលួចកាន់ខ្នោះដៃរត់គេចខ្លួនបាត់ ប៉ុន្តែនៅក្នុងថ្ងៃទី០២ ខែធ្នូ នេះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានវិញហើយ។
សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ៖ កាលពីយប់ថ្ងៃទី 30. 11. 2018 នៅហាងលក់ដូរមួយកន្លែង នៅផ្សារត្រាច ក្នុងភូមិពោធិរិទ្ធីក្រៃ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ មានក្រុមក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពអុកឡុក បោកចាន បោកកៅអី និងស្លាកយីហោ ហើយបានវាយទៅលើម្ចាស់ហាងអោយរបួសស្នាម រួចហើយគេចខ្លួនបាត់។
ក្រោយពីមានសកម្មភាព ម្ចាស់ហាងបានរត់ទៅប្តឹងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥០០ ក្នុងស្រុកសាមគ្គីមានជ័យ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្កបានម្នាក់ទាំងយប់ មានឈ្មោះ កាំង អៀរ អាយុ៣៥ឆ្នាំ រស់នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ស្រាប់តែព្រឹកថ្ងៃទី01/12/2018 ជនសង្ស័យបានលួចកាន់ខ្នៃដៃ គេចបាត់ពីស្នាក់ការលេខ៥០០។ ក្រោយពេលជនសង្ស័យបាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៥០០ បានអោយដឹងថា នេះជាកំហុសកងកម្លាំង ដែលយាមកាមមិនបានម៉ឺងម៉ាត់ បណ្តោយអោយជនបង្កកាច់ខ្នោះដៃបំបាក់ហើយរត់គេចខ្លួន។
ដោយឡែក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានវិញហើយ និងបានបញ្ជូនខ្លួនគេមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយចោទប្រកាន់ពីបទហិង្សា ដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយបានបញ្ជូនជនសង្ស័យទៅអោយតុលាការចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments