Ad Code

អភិបាលស្រុក​ស្ទឹងហាវ​ នៅតែ​ព្យាយាម​បដិសេធ​ ពាក់ព័ន្ធ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ដាក់កុង​ត្រូល​ ការពារ​បទល្មើស​រំលោភ​បំពាន​ដី​ព្រៃ​ឈើ​ តំបន់​ក្បាលឆាយ​



ព្រះសីហនុ ៖ ស្រប​ពេលដែល ការដាក់​កុងត្រូល​រប​ស់​កម្លាំងប្រដាប់អាវុធ​យោធា និង ប៉ូលិស ជា​ច្រើន​នាក់​ក្នុង​តំបន់​ដីព្រៃ​ក្បាលឆាយ ​ជាប់​ព្រំប្រទល់​តំបន់​តាលៈ ឃុំ​រាម ស្រុក​ព្រៃនប់ នៅតែ​បន្ត​កើតមាន ក្នុង​គោលដៅ ការពារ​ក្រុម​អ្នកមាន​លុយ​មានអំណាច ធ្វើការ​សកម្មភាព​ឈូស​ឆាយ រំលោភ​បំពាន​យក​ដីព្រៃ​ឈើ​របស់​រដ្ឋ ដោយ​ខុសច្បាប់​នោះ លោក ឆាយ គុន្ធ ដា អភិបាល ​នៃ​គណៈ​អភិបាលស្រុក​ស្ទឹងហាវ នៅតែ​ធ្វើការ​បដិសេធ​ថា មិនមាន​កុងត្រូល​ដូច​ការចោទប្រកាន់​នោះទេ។​
​ ​
មន្ត្រី​រដ្ឋបាល​ព្រៃឈើ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩ ​បានធ្វើការ​បញ្ជាក់ថា កុងត្រូល​នៅ​តំបន់​ខាងលើ ពិតជា​មាន​មែន ហើយ​កុងត្រូល​នោះ មិនមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នោះ​ទេ គឺ​មានតែ​សមត្ថកិច្ច យោធា និង ប៉ូលិស​ប៉ុណ្ណោះ ដោយ​កម្លាំង​សមត្ថកិច្ច​ខាង​លើនេះ ជា​របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ គឺ​ដាក់​ការពារ​គ្រឿងចក្រ​ឈូស​ឆាយដី ឲ្យ លោក​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់​នៅ​ក្រុង​ភ្នំពេញ ទំហំ​ប្រមាណ​២០០​ហិកតា​។

ពាក់ពន្ធ័​ករណី​ខាងលើនេះ មន្ត្រី​រដ្ឋ​ព្រៃឈើ​ដដែល​បាន​បន្តទៀត​ថា លោកជំទាវ​នោះ ​មាន​ឥទ្ធិពល​ណាស់ សូម្បី​តែ​នៅ​ក្បែរ​គ្រឿងចក្រ ក៏មាន​ក្រុម​ទាហាន​ប្រដាប់​ដាយ​អាវុធ​៤​ ទៅ​៥​នាក់ ឈរ​ចាំ​ការពារ​ដែរ ដូចនេះ​សម្រាប់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​ចូល​ទៅ​ហាមឃាត់​នោះ​ទេ បើ​ទោះ​ជា​ដឹង​ថា ដី​តំបន់​នោះ​ជា​ដី​តំបន់​ហាមឃាត់ ជា​ដី​ព្រៃឈើ​របស់​រដ្ឋ​ក៏ដោយ ព្រោះ​ខ្លាច​ធ្លាក់​បុណ្យស័ក្ដិ គឺ​មាន​តែ​បណ្ដែតបណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​ចុះ ដើម្បី​ខ្លួន​បាន​សុខ។

ជួប​ជាមួយ​ក្រុម​អ្នក​ដាក់​កុងត្រូល​ខាងលើ ពួកគេ​បាន​និយាយថា ការដាក់​នេះ​គឺ​ធ្វើ​តាមតែ​បញ្ជា​លោក ឆាយ សុ​គុន្ធដា អភិបាលស្រុក​ស្ទឹង​ហាវ​តែប៉ុណ្ណោះ ដូចនេះ​មាន​បញ្ហា​អ្វី ​ឬ ចង់​ដឹង​ច្បាស់ ​សូម​ទៅ​សួរ​នាំ​លោក​ចៅហ្វាយស្រុក​ចុះ។​

លោក ឆាយ សុគន្ធដា អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ស្ទឹងហាវ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ លោក​បាន​ធ្វើ​ការ​បដិសេធ​ទាំងស្រុង​ថា ​រូបលោក​មិន​អនុញ្ញាត​ឲ្យ​ដាក់​កម្លាំង​នៅ​តំបន់​ទីនោះ​ទេ ពី​ព្រោះ​ដី​នោះ​ ជា​ដី​ព្រៃឈើ​របស់​រដ្ឋ​ ហើយ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ ក៏​លោក​មិន​បញ្ជា​ឲ្យ​ទៅ​យាម​ការពារ​នៅ​ទី​នោះ​ដែរ​។ ប៉ុន្តែ​កន្លងមក ​មាន​ក្រុម​កងកម្លាំងប្រដាប់អាវុធ​ប៉ូលិស កងរាជអាវុធហត្ថ​ និង​យោធា​សឹក​រង​ស្រុក​ទៅ​ទីនោះ​ ក្នុង​ពេល​​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ប៉ុណ្ណោះ​ ក្រៅពីនេះ ​គឺ​មិនមាន​ទេ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ដី​តំបន់​ខាងលើនេះ​ ដើមឡើយ ​ជា​តំបន់​អនាធិបតេយ្យ​យ៉ាង​ស្រួចស្រាល់ ​ប៉ុន្តែ​ក្រោយមក​ ត្រូវបាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ មក​ចុះ​បោសសម្អាត ​និង​ធ្វើការ​រុះរើ​គ្មាន​សល់ ​ហើយ​បច្ចុប្បន្ន​ដី​តំបន់​នោះ ​ដែលមាន​ទំហំ​ប្រមាណ​៣.០០០​ពាន់​ហិកតា ​ត្រូវបាន​រដ្ឋបាល​ខេត្ត​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ​ធ្វើការ​ដាំដុះ​ដើមឈើ​ឡើងវិញ ​តាម​ការ​ស្នើសុំ​របស់​ក្រសួងកសិកម្ម ដូច្នេះ​មិន​មាន​បុគ្គល​ណា​យក​ដី​នៅ​តំបន់​នោះ​ធ្វើជា​កម្មសិទ្ធិឯកជន​បានទេ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu