Ad Code

លោក​អភិបាលរង​ស្រុក​បរិបូណ៌ និង​លោក​មេឃុំ​ឆ្នុកទ្រូ ប្រឈម​ដាក់គ្នា​ ក្នុង​រឿង​ចែក​ដី​ឲ្យ​ពលរដ្ឋ​២៧២​គ្រួសារ ​



​កំពង់ឆ្នាំង​ ៖ លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូណ៌ និង​លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ បាន​ប្រឈម​​​ដាក់គ្នា​ទៅវិញទៅមក​ក្នុង​រឿង ចែក​ដី និង​ឈូស​ឆាយដី​លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋ​ចំនួន​២៧២​គ្រួសារ នៅ​ចំណុច​យុគន្ធរ​ភូមិ​ឆ្នុកទ្រូ ដែល​បាន​បម្លាស់ទី​ផ្ទះទឹក​ឡើងមក​រស់នៅ​លើ​គោក គឺជា​រឿង​ត្រីងៀត​ឆ្លៀត​ពង និង​កន្ទេល​ធំ​បន្លំ​ដេក​។​

ទាក់ទង​នឹង​រឿងនេះ លោក ថា​ន់ សា​រ៉ុ​ម អភិបាលរង​ស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃទី​០៩​មករា​នេះ ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​យើង​ដឹង​ថា​ កាលពី​ថ្ងៃទី​០៥ ខែមករា លោក ​និង​មន្ត្រី​សាលាស្រុក​ម្នាក់ បាន​ចុះទៅ​ចំណុច​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ចំ​យុគន្ធរ​ភូមិ​ឆ្នុកទ្រូ ព្រោះតែ​បានដឹងថា​ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​កំពុងធ្វើ​បាប​ប្រជាពលរដ្ឋ។

ក្នុង​ព្រឹក​នោះដែរ លោក​ក៏បាន​ហៅ​អា​ត្រាក់​១​គ្រឿង​ ចុះទៅ​ជួយ​ឈូស​ដី​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ ដោយ​ក្នុង​១​ម៉ោង​ គេ​យក​ថ្លៃ​ឈូស​ដី​តែ​៩​ម៉ឺន​រៀល​ទេ វា​ខុសពី​លោក​មេឃុំ​ឆ្នុកទ្រូ បង្ខំ​ឲ្យ​ប្រជាជន​ជួល​អា​ត្រាក់​បក្សពួក​ខ្លួន ឈូស​ដី​១​ម៉ោង​១៣​ម៉ឺន​រៀល​ទៅវិញ។ ស្រាប់តែ​ពេល​អាត្រាក់​យក​តម្លៃ​​ថោក​ចូលទៅ​ឈូ​សដីឲ្យ​ប្រជាពលរដ្ឋ ក៏​លេច​មុខ លោក សាំង គឹម ស៊ន មេឃុំ​ឆ្នុកទ្រូ និង​លោក សេង ឌី មេ​ប៉ុស្តិ៍នគរបាល​ឆ្នុកទ្រូ ចេញមក​ឃាត់​អា​ត្រាក់​តម្លៃថោក​មិនអោយ​ឈូស​ដី ពេល​នោះដែរ​លោកគ្រូ​ចៅអធិការ​វត្ត​យុគន្ធរ​ចេញមក​ជួយ​អន្តរាគមន៍ និង​បាន​លើកឡើងថា សូម​អា​ត្រាក់​យក​ថ្លៃ​ថោក​ឈូ​សដីឲ្យ​ប្រជាជន​ទៅ បើ​អ្នកណា​ចាប់ ​ចាំ​អាត្មា​ទៅ​ដេក​ក្នុង​គុក​ជំនួស។​

លោក​អភិបាលរង​ស្រុក​បានបញ្ជាក់​ទៀតថា​ ចំពោះ​ការ​ឈូស​ដី​ចែក​ប្រជាជន​ទៀតសោត ​គឺ​លោក​ឃុំ​ឆ្នុកទ្រូ បានធ្វើ​ខុស​គោលការណ៍​អាជ្ញាធរ​ស្រុក ដែល​កំណត់​ថា កន្លែង​ណា​មានផ្ទះ​ ទើប​អនុញ្ញាត​ឲ្យ​ឈូស​ដី គឺ​ក្នុង​១​គ្រួសារ​ទទួល​ដី​បាន​ក្បាល​១០​ម៉ែត្រ បណ្តោយ​៧៥​ម៉ែត្រ។ ប៉ុន្តែ​ក្នុងពេល​លោក​ចុះទៅ​ពិនិត្យឃើញ​កន្លែង​ខ្លះ អត់​មានផ្ទះ​ប្រជាជន​ផង ក៏​លោក​មេឃុំ​ឲ្យ​គេ​ឈូស​ដីព្រៃ​អស់​ដែរ ដែល​គេ​សង្ស័យ​ថា ការ​ឈូស​ដី​រាប់​ហិកតា​នេះ គឺ​ទុក​លក់​របស់​បក្សពួក​លោក​មេឃុំ។​

ទាក់ទង​នឹង​ការ​ប្រឈម​គ្នា​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​០៩​មករា​នេះដែរ​ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅក្នុង​សាលាឃុំ​ថា​ ការពិត​លោក​មិនបាន​ហាមឃាត់​ត្រាក់ទ័រ​ថ្លៃ ​ឬ​ថោក​ដែល​ចូលមក​ឈូស​ដី​នៅ​ចំណុច​យុគន្ធរ​ក្នុងភូមិ​ឆ្នុកទ្រូ​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ប៉ុន្តែ​ពេល​អ្នក​នាំ​អាត្រាក់​នោះ​ចូលមក​សូម​ទាក់ទង​ឲ្យ​​អាជ្ញាធរ​ឃុំ​ដឹងផង ហើយ​រឿង​ចង់យក​អាត្រា​ក់​ឈូស​ដី​តម្លៃ​ថ្លៃ​ ឬ​ថោក គឺជា​សិទ្ធិ​ប្រជាពលរដ្ឋ។

រឿង​លោក​អភិបាលរង​ស្រុក​នាំ​អាត្រា​ក់មក លោក​ពិតជា​បាន​និ​យាយ​មែន​ថា គាត់​ចង់​ធ្វើជា​មេឃុំ​ផង ធ្វើ​អភិបាលស្រុក​ផង​ឬ​ បានជា​ចុះមក​មិនឲ្យ​អាជ្ញាធរ​ឃុំ​ដឹង។​

ដោយឡែក ទាក់ទង​នឹង​ការ​ឈូស​ដី​ដែល​អត់​ទាន់​មានផ្ទះ​ប្រជាពលរដ្ឋ​នោះ គឺ​លោក​មេឃុំ ​ពិតជា​បាន​ឈូស​ដី​ទុក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៨៥​គ្រួសារ កំពុង​រស់នៅ​ជិត​វត្ត​យុគន្ធរ ដែល​ពួកគាត់​មាន​ផ្ទះ​ចាស់ៗ​ទ្រុឌទ្រោម​មិនអាច​រើរុះ​ភ្លាម​មក​នៅ​លើដី​ដែល​បាន​ចែក​ឲ្យ​បាន​។ ដោយ​ពួកគាត់​សំណូម​ពរ​នៅពេល​ទឹក​ឡើង ​ទើប​គាត់​អូស​ផ្ទះ​ពួកគាត់​ឡើង​មក​រស់នៅ​លើ​ដី​ឃុំ ស្រុក ដែល​បាន​ចែក​ឲ្យ​។​

ទាក់ទង​នឹង​ការ​ប្រឈម និង​ជះ​ទឹក​ដាក់គ្នា​ខាងលើនេះ សូម​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​ជា​អ្នកទទួល​ខុស​ និង​ទទួល​ត្រូវ ​រួមទាំង​អស់នោះ មេត្តា​ជួយ​ពិនិត្យ​ដោះស្រាយ​ និង​ផ្សះផ្សា​ផង កុំឲ្យ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ឃុំ​បែកបាក់​សាមគ្គី​គ្នា គួរ​តែ​ធ្វើការ​រួមគ្នា​ ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​លំបាក ទើប​សមស្រប​ជា​ថ្នាក់ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu