Ad Code

ពលរដ្ឋ​ឃុំ​ឆ្នុកទ្រូ​ រិះគន់​លោក​មេឃុំ​ ផ្ដល់​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ បុក​អណ្តូងយក​ទឹក​លក់​ឲ្យ ​​ដើម្បី​ផលប្រយោជន៍​បក្សពួក​ខ្លួន​



​កំពង់ឆ្នាំង ​៖ នៅក្នុង​សប្ដាហ៍​នេះ​ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ធ្វើការ​រិះគន់ថា​ លោក​មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានផ្ដល់​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែលជា​បក្សពួក​របស់ខ្លួន បុក​អណ្ដូង​ផលិត​ទឹកស្អាត​លក់​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​តែ​ផល​ប្រយោជន៍​ក្រុមគ្រួសារ​ពួកខ្លួន​តែប៉ុណ្ណោះ ស្នើសុំ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ពិនិត្យ​ទប់ស្កាត់​ផង។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ ដីព្រៃ​លិច​ទឹក​របស់​ប្រមាណ​៥០​ម៉ែត្រ​ បួន​ជ្រុង ត្រូវ​បាន ​លោក​ សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ បុក​ខួង​ធ្វើ​អណ្ដូង យក​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​តែ​ផលប្រយោជន៍​បក្សពួក​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ប្រជាពលរដ្ឋ​មិន​សង្ឃឹមថា ការ​បុក​អណ្ដូង​ទឹក​នេះ អាច​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ច្រើនជាង​ផលប្រយោជន៍​បុគ្គល​នោះ​ឡើយ​។​

ប្រជាពលរដ្ឋ ​សំណូមពរ អាជ្ញាធរ​ស្រុក​ខេត្ត និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះមក​ពិនិត្យ ដោះស្រាយ​ធ្វើ​កុងត្រា​ឲ្យ​បាន​ច្បាស់លាស់ ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹងឮ​ផង កុំ​ធ្វើ​ស្ងាត់ៗ​បែប​នេះ ប្រជាពលរដ្ឋ​មិន​គាំទ្រ​ឡើយ។​

ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើនេះ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​នៅ​ព្រឹក​ថ្ងៃទី​០៩​មករា​នេះ​នៅ​ក្នុង​សាលាឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ឲ្យ​ក្រុម​អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹង​ថា​ តាម​គោលការណ៍​ឯកភាព​របស់​អាជ្ញាធរ​ស្រុក គឺ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​មក​អភិវឌ្ឍន៍ ធ្វើ​អាជីវកម្ម​បុក​អណ្ដូង​ផលិត​ទឹក​ស្អាត​ដើម្បី​លក់​ក្នុង​តម្លៃថោកៗ ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​បាន​ប្រើប្រាស់​តាម​តម្រូវការ ព្រោះ​តែ​នៅក្នុង​តំបន់​ឃុំ​ឆ្នុកទ្រូ​នេះ​មិនទាន់មាន​ទឹកស្អាត​សម្រាប់​ឲ្យ​ប្រើ​ប្រាស់​នៅឡើយ ​ប្រើប្រាស់​តែ​ទឹកទន្លេ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​លំបាក​ក្នុង​ជីវភាព​រស់នៅ។​

លោក​មេឃុំ​បានបញ្ជាក់​ឲ្យ​ដឹងទៀតថា​ តាម​គោលការណ៍​អាជ្ញាធរ​ស្រុក​ គឺ​បាន​ឯកភាព​ឲ្យ​ឈូស​ឆាយ​ដីព្រៃ តែ​២០​ម៉ែត្រ​បួន​ជ្រុង តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ទីតាំង​ផលិត​ទឹកស្អាត​ខាងលើនេះ។ ប៉ុន្តែ​ជាក់​ស្ដែង​ពេល​ខួង​បុក​អណ្ដូង​នៅ​ចំណុច​ទាល់​តែមាន​អណ្ដូង​ចំនួន​៣​កន្លែង ទើប​ធានា​ទឹក​អាច​ប្រើប្រាស់​បាន។​

ដូច្នេះ​ទីតាំង​នេះ ត្រូវតែ​រីក​ធំ​បន្តិចទៀត​ ដើម្បីឲ្យ​កន្លែង​ខួង​អណ្ដូង​មាន​គម្លាត​ឆ្ងាយ​ពីគ្នា​ទើប​អនុវត្តន៍​គម្រោងការ​នេះ​បាន ហើយ​ពេលនេះ​ទីតាំង​ដែល​ត្រូវធ្វើ​កន្លែង​ផលិត​ទឹកស្អាត​នោះ​មាន​ទំហំ​តែ​៤០ ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ។

ដោយឡែក​ តាម​គោលការណ៍​របស់​ឃុំ និង​ស្រុក នៅពេល​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​នេះ​ដំណើរការ គឺ​​កំណត់​ឲ្យ​លក់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ តែ​ក្នុង​មួយ​ធុង​ចំណុះ​២២០​លីត្រ ថ្លៃ​២.០០០​រៀល ទៅ​២.៥០០​រៀល​តែប៉ុណ្ណោះ ខណៈដែល​ទឹក​ដែល​ប្រជាពលរដ្ឋ​កំពុង​ទិញ​ប្រើប្រាស់​សព្វថ្ងៃនេះ​មានតម្លៃ​ក្នុង​ធុង​រហូតដល់​៦.០០០​រៀល។​

ទោះបី​មានការ​បកស្រាយ​របស់​លោក​ឃុំ​ឆ្នុកទ្រូ យ៉ាងនេះ​ក៏ដោយ​ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ អាជ្ញាធរ ស្រុក ខេត្ត និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ មេត្តា​ចុះមក​ពិនិត្យ ដោះស្រាយ ធ្វើ​កិច្ចសន្យា​ឲ្យ​បាន​ច្បាស់លាស់ ជាមួយ​ក្រុមហ៊ុន ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹងឮ​ផង ដើម្បី​កុំឲ្យក្រុមហ៊ុន​ពេល​ផលិត​ទឹក​ស្អាត​បាន​ហើយ ចេះតែ​លក់​តំឡើង​ថ្លៃ​តាម​ទំនើង​ចិត្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu