Ad Code

សម្តេច​តេ​ជោ ៖​ ខ្ញុំ​និង​គណបក្ស​ប្រជាជន​មិនដែល​ចាត់ទុក ៧​មករា ជា​របស់​ខ្លួន​ទេ តែ ៧​មករា ជា​របស់​រួម​នៃ​មនុស្ស​ដែល​ចង់​រស់​ជាម​នុស្ស



តាកែវ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​បានលើកឡើង​ថា ទិវា​ជ័យជម្នះ ៧ មករា មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ពោល​ជា​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ចង់​រស់រាន​មានជីវិត​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត។



ការ​លើក​ឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រតិកម្ម​តបត​មួយ​ទៅ​នឹង​សំដី​របស់​ប្រធាន​គណបក្សនយោបាយ​មួយ​ដែល​បាន​លើក​ឡើង​ថា ៧ មករា គេ​ដឹងគុណ​ហើយ តើ​គេ​សងគុណ​ដល់​ពេលណា។ ប្រតិកម្ម​តបត​នេះ​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី ៩ មករា​នេះ ។ សម្តេច​មានប្រសាសន៍ថា « មាន​ប្រធាន​គណបក្សនយោបាយ​មួយ ដោយ​ខ្ញុំ​មិន​ចាំ​បាច់​បញ្ចេញ​ឈ្មោះ​ទេ តែ​គាត់​កំពុង​តាមដាន​ស្តាប់​ហើយ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ៧​មករា មិនមែន​របស់​គណបក្ស​ប្រជាជន​ទេ ! ៧​មករា​គឺជា​របស់​ប្រជាជន​ទាំងអស់​ដែល​ចង់​រស់​ជាម​នុស្ស ។ ដូច្នេះ អត់​ត្រូវ​មាន​អ្នកណា​សង អ្នកណា​ទេ គឺ ៧​មករា ជា​របស់​ជីដូន​ជីតា​ជា​របស់​ឪពុកម្តាយ​ក្មួយ​ហើយ​ជា​ទ្រព្យសម្បត្តិ​របស់​ក្មួយៗ។ ៧​មករា មិនត្រូវ​ការ​អ្នក​សង​ទេ តែ​បញ្ហា​សំខាន់​នោះ គឺ​៧​មករា របស់​អ្នក​ទាំងអស់គ្នា​»។

បើ​ទោះបី​សម្តេច​មិនបាន​បញ្ចេញ​ឈ្មោះ​ប្រធាន​គណបក្ស​នយោបាយ​មួយ​នោះ ក៏​គេ​ដឹក​ដែរ​ថា ប្រធាន​គណបក្ស​ដែល​និយាយ​ចេញ​បែបនេះ​គឺ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា « ខ្ញុំ​ក៏​មិនដែល​ចាត់ទុក ៧​មករា ជា​របស់ខ្ញុំ ហើយ​គណបក្ស​ប្រជាជន​ក៏​មិនដែល​ចាត់ទុក ៧​មករា ជា​របស់​ខ្លួន​ទេ តែ ៧​មករា ជា​របស់​រួម​របស់​មនុស្ស​ដែល​ចង់​រស់​ជាម​នុស្ស។ ដើម្បី​រក្សាទុក​ស្មារតី ៧ មករា ទើប​គេ​បោះឆ្នោត​រក្សាទុក ប៉ុន្តែ​មានតែ​អ្នក​ចង់​ងាប់​ទេ​ដែល​មិនដឹង។ បើ​មិន​រំដោះ​ទាន់ពេល​ទេ​ឪ​ម៉ែ​វា​ក៏​ងាប់​ដែរ។ អី​ញ្ចឹ​ង​ចង់​បញ្ជាក់​ថា ៧​មករា របស់​រួម​»។



បន្ថែម​ពី​នេះ សម្ដេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​កត់សម្គាល់​ឃើញថា សមិទ្ធផល​រយៈពេល​៤០​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ ជា​សមិទ្ធផល​ដែល​នឹកស្មាន​មិន​ដល់​នោះ​ទេ ពោល​នៅពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំងអស់​ហើយក៏​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បន្ដ​ថែរក្សា​បាន​នូវ​សុខ​សន្ដិភាព ដែល​រកបាន​ដោយ​លំបាក​កាលពី​អតីតកាល​។

គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​៧ មករា កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​មហា​មិ​ទ្ទី​ញ​អបអរ​ខួប​អនុស្សាវរីយ៍​នៃ​ទិវា​ជ័យ​ជម្នះ ៧ មករា ដែលជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ដើម្បី​រំលឹក​នូវ​ការ​ចងចាំ​មិន​ឤ​ច​បំភ្លេច​បាន ចំពោះ​មហា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មកលើ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ​ទាំងឡាយ ដែល​បានធ្វើ​ពលិកម្ម​ប្រកបដោយ​វីរភាព ក្នុង​ការ​តស៊ូ​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍ និង​ការពារ​មិន​ឲ្យ​របប​នេះ​ឤ​ច​វិល​ត្រឡប់​មក​កម្ពុជា​ជាថ្មី​វិញ​បាន​។ ព្រម​ជាមួយនេះ យើង​ទាំងអស់គ្នា​សូម​លំឱនកាយ វាចា​ចិត្ត គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​រាប់​លាន​នាក់ ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត នៅក្នុង​របប​ដ៏​យង់ឃ្នង​នាពេលនោះ ហើយ​ឧទ្ទិស​បួងសួង សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​អ្នក​ទាំងអស់​នោះ បាន​ទៅកាន់​សុគតិភព​ជា​រៀង​ដរាប​។



រយៈពេល ៤០ ឆ្នាំ​កន្លងទៅ​នេះ អ្វីៗ​បាន​ផ្លាស់​ប្តូរ​ស្មាន​មិន​ដល់​។ កម្ពុជា​ដែល​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី អស់​ទៅហើយនោះ បាន​ប្រឹង​ងើបឈរ​ឡើងវិញ​និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​នៃ​សុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។ ថ្វីបើ​យើង​បាននិងកំពុង​រស់នៅ​យ៉ាង​សុខសាន្ត និង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដែល​យើង​សម្រេចបាន​មកទល់ពេលនេះ​ក្តី​ក៏​យើង​នៅតែ​ត្រូវ​ចងចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​ខ្លោចផ្សា​ពី​អតីត​កាលដែល​ធ្វើ​ឲ្យ​ប្រជាជាតិ​យើង​ស្ទើរតែ​ត្រូវបាន​វិនាស​សូន្យ​ដើម្បី​យល់​ជ្រួតជ្រាប​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ អំពី​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ ដែល​យើង​បាន​ឆ្លងកាត់ ,​បណ្តា​មេរៀន​ដ៏​មានតម្លៃ​របស់​ជាតិ​, និង​ទិសដៅ​ភារកិច្ច​សម្រាប់​ការកសាង និង​ការពារ​ប្រទេស ត​ទៅមុខទៀត​។

ក្នុង​រយៈពេល ៤០ ឆ្នាំ ផ្តើម​ពី​ជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជា​សម្រេច​បាន​នូវ​ការ​កែ​ប្រែ​មុខមាត់ ដែល​គ្មាន​អ្នកណា​ឤ​ច​នឹកស្មាន​ដល់​។ កម្ពុជា​ដែល​ពីមុន​ត្រូវ​បាន​ញាំញី និង​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាមរ៉ាំរ៉ៃ ការ​បែកបាក់​ជាតិ និង​បែងចែក​ទឹកដី អសន្តិសុខ​គ្រប់​ទីកន្លែង ឥឡូវ​បាន​ក្លាយជា​ប្រទេស​ដែលមាន​សន្តិភាព​ពេញលេញ មានការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង មាន​សន្តិសុខ​រឹងមាំ និង​ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​មួយ​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​មាន​ប្រជាជន​រស់នៅក្នុង​សុខសន្តិភាព យ៉ាង​សុខដុមរមនា ទាំង​ក្នុង​គ្រួសារ ទាំង​ក្នុង​សហគមន៍ និង​ទាំង​ក្នុង​សង្គមជាតិ​ទាំងមូល​។ កម្ពុជា ដែល​ពីមុន ជា​វាលពិឃាដ គ្រប​ដណ្តប់​ដោយ​អំណាច​ផ្តាច់​ការ និង​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​រន្ធត់​បំផុត នៃ​របប​ប្រល័យពូជសាសន៍ ឥឡូវ​បាន​ក្លាយជា​ទឹកដី​នៃ​សេរីភាព ដែល​មាន​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ជា​រដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ ហើយ​ប្រជាជន​គ្រប់រូប​មាន​សិទ្ធិ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​។ កម្ពុជា​ដែល​ពីមុន ត្រូវបាន​គេ​ប្រមាថមើលងាយ ត្រូវបាន​គេ​ហ៊ុមព័ទ្ធ និង​ឯកោ ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ឥឡូវ គឺជា​រដ្ឋ​ឯករាជ្យ​មួយ ដែលមាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ហើយ​កំពុង​ពង្រីក​ការធ្វើសមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម នៃ​តំបន់ និង​ពិភពលោក ព្រមទាំង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ ក្នុង​រាល់​កិច្ចការ​តំបន់ និង​អន្តរជាតិ​។ កម្ពុជា ដែល​ពីមុន ជា​ប្រទេស​ធ្លាប់​ទទួល​នូវ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ឥឡូវ បាន​ក្លាយជា​ប្រទេស​បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។ កម្ពុជា​ដែល​ពីមុន ជា​ប្រទេស​អន់ថយ​បំផុត​ខាង​ផ្នែក​សេដ្ឋកិច្ច គ្រប​ដណ្តប់​ដោយ​ភាពក្រីក្រ និង​មាន​កង្វះខាត​ស្បៀង​អាហារ​យ៉ាងធ្ងន់ធ្ងរ ឥឡូវ បាន​ក្លាយជា​ប្រទេសមួយ​នាំ​ស្រូវ​-​អង្ករ​ចេញ ធានាបាន​យ៉ាង​គត់មត់​នូវ​សន្តិសុខ​ស្បៀង ហើយ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​ជាងគេ​លើ​ពិភពលោក សម្រេច​បាន​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការកែលម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច និង​លើស​ពី​នេះ​ទៀត បាន ឆ្លងកាត់​ដោយ​ជោគជ័យ ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu