Ad Code

​លោក គីម ជុង​អ៊ុន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​មុន​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក ត្រាំ



មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ដំណើរ​ទស្សនកិច្ច​មិនបាន​ប្រកាស​ជា​សាធារណៈ​មួយ​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​ខណៈ​មានការ​រៀបចំ​កាន់តែ​ញាប់ដៃ​ញាប់ជើង​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​។​

ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​ការទូត​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​និង​ជា​ប្រភព​ចម្បង​នៃ​វិស័យ​ពាណិជ្ជកម្ម​និង​ជំនួយ​ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ទំនងជា​បង្កើន​ការរំពឹងទុក​អំពី​កិច្ចប្រជុំ​ដែលមាន​សក្តានុពល​ជាមួយ​ប្រធានាធិបតី​អាមេរិក​ខណៈពេលដែល​លោក​គីម​អាច​សម្របសម្រួល​យុទ្ធសាស្ត្រ​របស់គាត់​ជាមួយ​លោក​ស៊ី​។​

ក្រុមអ្នកកាសែត AFP បាន​និយាយថា ក្បួន​ម៉ូតូ​មួយ​ត្រូវបាន​គេ​ឃើញ​ចាក​ចេញពី​ស្ថានីយ​រថភ្លើង​ក្រុង​ប៉េកាំង​ដោយ​ប៉ូលិស​បាន​បិទផ្លូវ​មួយ​ជាមួយ​របាំង​ដែក​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រថភ្លើង​របស់​លោក​គីម​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ភាគ​ខាងជើង​ប្រទេស​ចិន​។​

ទីភ្នាក់ងារ​ព័ត៌មាន​Yonhap​របស់​កូរ៉េខាងត្បូង​បាន​និយាយថា រថ​ភ្លើងពណ៌​បៃតងចាស់​ជាមួយ​ឆ្នូត​ពណ៌​លឿង​បាន​ចូលក្នុង​ស្ថានីយ​នេះ​នៅ​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​។​

ចំណែក​កាសែត KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​ដែល​អមដំណើរ​ដោយ​ភរិយា​របស់គាត់​ឈ្មោះ​Ri Sol Ju​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​បាន​ចាក​ចេញពី​ទីក្រុង​ព្យុងយ៉ាង​តាម​រថភ្លើង​ឯកជន​របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​។​

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន KCNA និង​ទីភ្នាក់ងារសារព័ត៌មាន​ចិន​Xinhua បាន​ឲ្យ​ដឹងថា ដំណើរ​នេះ​គឺធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក​ស៊ី​ហើយ​គ្រោង​នឹង​ដំណើរការ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​។​

ដំណើរ​ទស្សនកិច្ច​នេះ​បានធ្វើ​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​លោក​គីម​បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថា ទីក្រុង​ព្យុងយ៉ាង​អាច​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ខ្លួន​ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ​ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​។​

គួរ​បញ្ជាក់ថា លោក​គីម​បាន​ទៅធ្វើ​ទស្សនកិច្ច​ប្រទេស​ចិន​ចំនួន​៣​ដង​កាលពី​ឆ្នាំមុន​ដើម្បី​ពិភាក្សា​ជាមួយ​លោក​ស៊ី​។​

រហូតដល់​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់គាត់​កាលពី​ខែមីនា លោក​គីម​មិនបាន​ជួប​លោក​ស៊ី​អស់​រយៈពេល​៦​ឆ្នាំ​បន្ទាប់ពី​ទទួល​មរតក​ពី​ឪពុក​របស់គាត់​ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំងពីរ​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​ការគាំទ្រ​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​ចិន​។​

ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី លោក គីម​និង​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មិន​ច្បាស់លាស់​មួយ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​ការរីកចម្រើន​បាន​ផ្អាក​ដោយសារតែ​ការ​មិនយល់​ស្របគ្នា​អំពី​អត្ថន័យ​។​

លោក ត្រាំ​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ការចរចា​កំពុងដំណើរការ​ទៅលើ​ទីតាំង​នៃ​កិច្ចប្រជុំ​បន្ទាប់​របស់​អ្នក​ទាំងពីរ​៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu