Ad Code

ទួរគី​បើក​ការ​ជំនុំជម្រះ​ក្តី​លើ​ការ​សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៦



ជនសង្ស័យ​ចំនួន​២៨​នាក់​នឹង​ត្រូវ​កាត់ទោស​នៅ​ថ្ងៃ​អង្គារ​ជុំវិញ​ការធ្វើឃាត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​កាលពី​២​ឆ្នាំមុន​ដោយ​ក្នុងនោះ​រួមមាន​ទាំង​អ្នក​ទេសនា​មូស្លីម​ម្នាក់​មាន​មូលដ្ឋាន​នៅ​អាមេរិក​ផងដែរ​ដែល​ទីក្រុង​អង់កា​រ៉ា​ស្តីបន្ទោស​សម្រាប់​រដ្ឋប្រហា​រ​បរាជ័យ​ក្នុង​ឆ្នាំ​នោះ​។​

លោក Andrei Karlov​អាយុ​៦២​ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​ក្រៅ​កាតព្វកិច្ច​ទួរគី​នៅ​ខាងក្រៅ​ពិព័រណ៍​រូបថត​មួយ​ក្នុង​ទីក្រុង​អង់កា​រ៉ា​នៅ​ថ្ងៃទី​១៩ ​ខែធ្នូ ​ឆ្នាំ​២០១៦​នៅ​ក្នុង​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ដែល​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​ដោយ​អ្នក​ថតរូប​ចូលរួម​ព្រឹត្តិការណ៍​នោះ​។​

ខ្មាន់កាំភ្លើង​ឈ្មោះ MevlutMertAltintas​អាយុ​២២​ឆ្នាំ​បាន​ស្រែកថា “​ព្រះ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​”​និង “​កុំ​ភ្លេច​អា​ឡេ​ប៉ូ​” ដោយ​សន្យាថា អ្នក​ដែល​ពាក់ព័ន្ធ​លើ​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ស៊ី​រីនឹង​ត្រូវ​ទទួលខុសត្រូវ។

លោក Altintas​ត្រូវបាន​សម្លាប់​ភ្លាមៗ​ដោយ​សមាជិក​នៃ​កងកម្លាំង​ពិសេស​ទួរគី​។​
​បើ​យោងតាម​ការចោទប្រកាន់​បាន​បង្ហាញថា រដ្ឋអាជ្ញា​ក្រុង​អង់កា​រ៉ា​បាន​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​១៦​នាក់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​ជាមួយ​ចេតនា​បង្ក​ឲ្យ​មាន​អំពើ​ភេរវកម្ម​។ មនុស្ស​១២​នាក់​ផ្សេងទៀត​ត្រូវបាន​ចោទប្រកាន់​ពីបទ “​ធ្វើជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម​មួយ​”​។​

បច្ចុប្បន្ន​មនុស្ស​ចំនួន​១៣​នាក់​កំពុងស្ថិត​នៅក្នុង​ការឃុំ​ខ្លួន​មុន​ការកាត់ទោស​ខណៈដែលរ​ដ្ឋ​អាជ្ញា​កំពុង​កាត់ទោស​អ្នកដទៃ​ទៀត​ដោយ​កំបាំងមុខ​។​

អ្នក​ដែល​មិន​ស្ថិតនៅ​ក្នុងប្រទេស​ទួរគី​គឺ​រួមមាន​លោក​FethullahGulen​ដែលជា​អ្នក​ទេសនា​ឥស្លាម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជាស​ត្រូវ​របស់លោក​ប្រធានាធិបតី​RecepTayyipErdogan​និង​ជា​អ្នក​ដែល​ត្រូវបាន​ទីក្រុង​អង់កា​រ៉ា​ស្តីបន្ទោស​ចំពោះ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ខែកក្កដា​ឆ្នាំ​២០១៦​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Gulen​បាន​បដិសេធ​ទាំង​ការធ្វើ​រដ្ឋប្រហារ​និង​ការធ្វើឃាត​។​

ក្រុមមន្ត្រី​ទួរគី​បាន​ចោទប្រកាន់ថា ចលនា​របស់លោក​Gulen​បានរៀបចំ​ការធ្វើឃាត​លើ​លោក​Karlov​ដើម្បី​បង្ក​ឲ្យ​មាន​ភាព​វឹកវរ។

ទួរគី​បាន​សំដៅលើ​អង្គការ​នេះ​ថា​ជា​អង្គការ​ភេរវកម្ម​Fetullah Terrorist Organisation(FETO) ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​និយាយ​ថា នេះ​ជា​ក្រុម​សន្តិភាព​និង​លើកកម្ពស់​ការអប់រំ​ខាង​សាសនា៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu