Ad Code

ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច បត់​ម៉ូតូ​មក​ធាក់​ម៉ូតូ​ជនរងគ្រោះ​ផ្ដួល តែ​អកុសល​ ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ចាប់ បាន​និង​នាំគ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​ទ្រម​ខ្លួន​ ទើប​ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច ហើយ​ភ្លាត់ស្នៀត ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​រហូត​ចាប់ខ្លួនបាន​នោះ​។​

អំពើ​ឆក់​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​មាន ឈ្មោះ ព្រីង តួ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទេប ឃុំ​កោះ​ខែ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FS 4845 ចេញពី​ធ្វើការ​ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​ខាង​ក្រោយ​វត្ត​ស្ទឹងមានជ័យ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា អ៊ិ​ច​ហ្សិ​ច​ទ័​រ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-2656 ធ្វើដំណើរ​មកពី​ក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប តែ​មិនបាន​សម្រេច​។

ភ្លាមនោះ ​ជនសង្ស័យ​ ជិះ​ហួស​បន្តិច រួច​ក៏​បក​មកវិញ​ ធាក់​ម៉ូតូ​ជនរងគ្រោះ​ផ្ដួល ឆក់​កាបូប​ម្តង​ទៀត ។ ឃើញ​សកម្មភាព​បែបនេះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ក៏បាន​ជួយ​អន្តរាគមន៍​ដេញចាប់បាន​និង​បាន​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​ទ្រោម​ខ្លួន​ ទើប​ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​នីតិវិធី​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu