Ad Code

ចាញ់​ល្បែង​នៅ​កាស៊ី​ណូ​អស់​លុយ បែកគំនិត​ឆបោក​ ជាង​សោ ​និង​ឡាន​តាក់ស៊ី​ ហៅ​មក​​ឆ្កឹះ​សោ​ម៉ូតូ​គេ



ភ្នំពេញ ​៖ បុរស​ម្នាក់ ​ក្នុងចំណោម​៣​នាក់ ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​ទាំង​៣​នាក់​ ត្រូវបាន​គេ​រកឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព នាំ​គ្នា​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ម៉ូតូ​គេ​​​ យក​ទៅ​ដាក់​បញ្ចាំ​។​

ប៉ូលិស​និយាយ​ថា​ កាលពី​អំឡុង​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ មាន​ករណី​ឃាត់ខ្លួន​បុរស​២​នាក់​ ក្នុងចំណោម​៣នាក់​ ដែល​ជន​ទាំង​២​នាក់ ​​​ជា​បក្ខពួក​ចោរ​លួច​ម៉ូតូ​នៅ​ក្នុង​បរិវេណ​ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន​សុខ។ ពួកគេ​ម្នាក់​ជា​អ្នក​រត់​ឡាន​តាក់ស៊ី ឈ្មោះ សំ រិ​ទ្ឋី អាយុ​៣៥​ឆ្នាំ និង​ម្នាក់ទៀត​ជាជាង​ជួសជុល​សោ ឈ្មោះ ង្វៀង យ៉ាំង​វ៉ាង ហៅ វ៉ាង ហៅ ហេង សំណាង អាយុ​២៥​ឆ្នាំ ជនជាតិ​យួន មាន​ទីលំនៅ​ផ្ទះ​លេខ​៤ សង្កាត់​បឹង​កក់ ខណ្ឌ​ទួលគោក ពួក​គេ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD .9910ដែល​មាន​ដាក់​ស្លាក​សញ្ញា តាក់ស៊ី (Taxi) នៅ​លើ​ដំបូល​រថយន្ត​នោះ។

​ប៉ូលិស​បាន​បញ្ជាក់ថា ក្រោយពេល​សួរនាំ ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រាប់​ថា ពួកគេ​បាន​ចាញ់​បោក​ជនសង្ស័យ​ម្នាក់​ ដែល​បាន​លួច​ម៉ូតូ​ គេច​រួចខ្លួន​បាត់​នោះ​ ដែលមាន​ដំណើររឿង​បញ្ជាក់​ដោយ​ឈ្មោះ សំ រិ​ទ្ឋី ជា​អ្នករត់​តាក់ស៊ី ថា​ មុនដំបូង​ជន​នោះ បាន​ហៅ​តាក់ស៊ី​គាត់​ជិះ​ចេញ​ពីមុខ​កាស៊ីណូ​ហ្គា​ណា​វើ​ល លុះ​មកដល់​ម្តុំ​ផ្សារ​៧​មករា ជន​នោះបាន​ទូរស័ព្ទ​ហៅ​បក្ខ​ពួកគេ​ម្នាក់ ឈ្មោះ ហេង សំណាង ឬ​ហៅ ង្វៀង យ៉ាំង​វ៉ាង ជាជាង​ធ្វើ​សោ ដោយ​ប្រាប់ថា ខ្លួន​បាន​ជ្រុះ​បាត់​សោ​ម៉ូតូ​នៅ​ផ្សារ​អ៊ី​អន​២ ដោយ​ឲ្យ​តម្លៃ​ឈ្នួល​រហូត​ទៅដល់​១០​ដុល្លារ ជាង​សោ​ក៏​ឯកភាព​គ្នា​ បន្ទាប់មក​ក៏​នាំគ្នា​មកដល់​គោលដៅ​ផ្សារ​អ៊ី​អន​២​នោះ​។​

​នៅពេល​ទៅដល់​ទីនោះ​ ជន​ម្នាក់​នោះបាន​ទៅប្រាប់​ខាង​សន្តិសុខ​ថា ខ្លួន​បាត់​សោ​ម៉ូតូ​ម៉ាក​និក សុំឲ្យ​ជាង​សោ​មក​ឆ្កឹះ​ ឯ​សន្តិសុខ​ក៏​ឯកភាព ហើយ​ជាង​សោ និង​អ្នករត់​តាក់ស៊ី​ក៏​កក់ក្តៅ​ដែរ​។​

​នៅពេល​ធ្វើ​សោ​រួចរាល់​បញ្ឆេះ​ម៉ូតូ​បាន​ហើយ ជន​នោះបាន​ហៅ​ជាង​សោ និង​អ្នក​បើក​តាក់ស៊ី​ចូល​ក្នុង​ឡាន​យកលុយ ប៉ុន្តែ​មិនទាន់​បានឲ្យ​លុយ​ផង​ជន​នោះ​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ ដោយ​ខាង​សន្តិសុខ​យាម​ហៅ​ឆែកឆេរ​ក៏​មិន​ឈប់​។​

​ខាង​សន្តិសុខ​មានការ​សង្ស័យ​ក៏​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ម៉ូតូ​នៅ​កន្លែង​ចំណត​ម៉ូតូ មាន​គ្នា​២​នាក់​ផ្សេងទៀត ទើប​ឃាត់​ខ្លួន​ប្រគល់ឲ្យ​ប៉ូលិស​មូលដ្ឋាន ដោយមាន​ម្ចាស់​ម៉ូតូ​ឈ្មោះ ស៊ា​ម ហុង​សាត​ មុខរបរ​បុគ្គលិក​បម្រើ​ការ​នៅ​ផ្សារ​អ៊ី​អន​២ បាន​ដាក់ពាក្យ​ប្តឹង​ចោទ​។​

​លុះ​ពេល​ថ្ងៃ​បន្ទាប់​(​ស្អែក​ឡើង​) ប៉ូលិស​បាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​ជន​សង្ស័យ​ម្នាក់​នោះ ឈ្មោះ ឯម សុ​ដា​ចាន់ ហៅ​លី អាយុ​២២​ឆ្នាំ ជា​អតីត​បុគ្គលិក​ផ្សារ​អ៊ី​អន ដែល​ត្រូវបាន​គេ​បញ្ឈប់​ការងារ​ដោយសារ​សកម្មភាព​មិន​ល្អ​។ បន្ទាប់​មក​ប៉ូលិស​បាន​ស្រាវជ្រាវ​រក​ជន​នោះ​តាម​ប្រព័ន្ធ​GPS​ទូរស័ព្ទ​ដែល​គេ​ប្រើ​រកឃើញ​នៅ​ម្តុំ​មុខ​ផ្សារ ផ្លា​ហ្សា​រ សង្កាត់​ទឹកថ្លា ចាប់​វាយ​ខ្នោះដៃ​តែម្តង​។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ ឈ្មោះ ឯម សុ​ដា​ចាន់ នេះ​បាន​សារភាពថា មូល​ហេតុដែល​ខ្លួន​បាន​លួច​ម៉ូតូ​គេ​នេះ ដោយសារតែ​លេងល្បែង​ចាញ់​អស់​លុយ​ច្រើន​រាប់ពាន់​ដុល្លារ​នៅក្នុង​កាស៊ីណូ ណាហ្គា​។

ជននេះ​ក៏បាន​បញ្ជាក់ថា ម៉ូតូ​ដែល​ខ្លួន​លួចបាន​នោះ​យកទៅដាក់​បញ្ចាំ​នៅ​កុងស៊ី​ក្នុង​កាស៊ីណូ ណាហ្គា នោះដែរ​ បាន​ចំនួន​៣០០​ដុល្លារ ហើយ​ក៏បាន​លេងល្បែង​នៅ​ទីនោះ​ចាញ់​អស់​បន្ត​ទៀត​។​

​ចំណែកឯ​អ្នករត់​តាក់ស៊ី​ និង​ជាង​សោ​នោះ​ មិនមាន​ការ​ពាក់ព័ន្ធ​លួច​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu