Ad Code

ក្រសួង​អប់រំ​ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​រយៈពេល​៥​ឆ្នាំ ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​



​ភ្នំពេញ ​៖​ ក្រសួង​អប់រំ​ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​រយៈពេល​៥​ឆ្នាំ​ ដើម្បី​ធានាបាន​នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ បរិ​យា​ប័ន្ន​ និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​០៨ ​ខែ​មករា​ ឆ្នាំ​២០១៩​ ថា​ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​រយៈពេល​៥​ឆ្នាំ​ ២០១៩ ​ដល់​២០២៣​នេះ ​គឺ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​គ្រូបង្រៀន ការពង្រីក​វិសាលភាព​សាលារៀន​គ្រប់​កម្រិត ការ​ពង្រឹង​អធិការកិច្ច​គ្រប់​ជ្រុងជ្រោយ​តាម​សាលារៀន ការ​ជំរុញ​ការអប់រំ​បច្ចេកទេស​នៅ​មធ្យមសិក្សា​ទុតិយ​ភូមិ ការអប់រំ​បំណិន​ស្របតាម​ទីផ្សារការងារ ការអភិវឌ្ឍន៍​កម្មវិធីសិក្សា​ និង​សៀវភៅ​សិក្សា​គោល​គ្រប់​ជ្រុងជ្រោយ​។​

លោក រស់ សុ​វាចា​ បាន​បន្តថា​ ផែនការ​យុទ្ធសាស្ត្រ​នេះ​ នឹង​ជួយ​កសាង ​និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​ និង​គុណធម៌​ប្រសើរ​បំផុត​ លើ​គ្រប់​ផ្នែក​ ដើម្បី​កសាង​សង្គម​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​រីកចម្រើន​ផ្នែក​លើ​ចំណេះដឹង​ និង​ចំណេះ​ធ្វើជា​មូលដ្ឋាន​។​

លោក បាន​ឲ្យ​ដឹង​ទៀតថា​ ផែនការ​នេះ ​នឹង​ធ្វើ​ឲ្យ​សិស្ស​និស្សិត​មានចំណេះដឹង​ ស្របតាម​ស្តង់ដារ​មួយ​សម​ស្រប​ និង​អាច​ប្រកួតប្រជែង​នៅលើ​ការងារ​ក្នុង​តំបន់ ​និង​លើ​សកលលោក​ និង​អាចជា​កម្លាំង​ស្នួល​សម្រាប់​ជំរុញ​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។​

ជាមួយគ្នានេះដែរ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​ទៀតថា ​ក្រសួង​ក៏បាន​រៀបចំ​គោល​នយោបាយ​គ្រូបង្រៀន​ដោយបាន​រៀប​ចំ​កំណែទម្រង់​ធំៗ​រួមមាន ​កំណែ​ទម្រង់កា​រ​គ្រប់គ្រង​ការសិក្សា​កំណែទម្រង់​ការគ្រប់គ្រង​រដ្ឋបាល ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​កំណែទម្រង់ ការគ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។​

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍​បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​០៨ ​ខែមករា​ ឆ្នាំ​២០១៩ ​ដោយ​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​៥​ឆ្នាំនេះ ​ព្រោះ​នឹង​ជួយ​ពង្រឹងគុណភាព​វិស័យ​អប់រំ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

យ៉ាងណាក៏ដោយ​ លោក ​បានស្នើ​ឲ្យ​ក្រសួង​អប់រំ ​គួរតែ​ធ្វើ​ទំនើបកម្ម​ទៅលើ​កម្មវិធីសិក្សា​ និង​ពង្រឹង​គុណភាព​គ្រូបង្រៀន​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​ ឲ្យ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​កម្មវិធីសិក្សា​នៅ​តាម​បណ្តា​ប្រទេសជិតខាង​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ​ជាងនេះទៅទៀត​ ត្រូវ​អភិវឌ្ឍន៍​រោង​ជាង​នៅតាម​សាលា​មួយចំនួន​ឲ្យ​ទៅ​ជា​កន្លែង​ជួសជុល​កុំព្យូទ័រ​ ឬ​អេឡិចត្រូនិក​វិញ​ ដើម្បី​ឲ្យ​សិស្ស​មាន​ជំនាញ​ថ្មីៗ​មុនពេល​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​ ឈានទៅ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​ និង​រៀបចំ​សោភ័ណភាព ​ឬ​បរិស្ថាន​ នៅតាម​សាលា​ឲ្យ​បាន​ស្អាត​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​ចូលចិត្ត​សាលា​ និង​ចង់​រៀន​។​

គួរ​បញ្ជាក់​ថា ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​រយៈពេល​៥​ឆ្នាំនេះ ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៩​នេះហើយ​ បន្ទាប់ពី​ទទួលបាន​ការ​អនុម័ត​ខ្លឹមសារ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន កាលពី​ថ្ងៃទី​១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​កន្លងទៅនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu