Ad Code

ឆក់​បានសម្រេច រយៈពេល​២​ថ្ងៃ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​មកវិញ​



​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ដែល​មជ្ឈដ្ឋាន​ជាច្រើន​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម បាន​ផ្លាស់ប្ដូរ​មុខរបរ​ទៅ​ជា​ចោរឆក់​វិញ​ម្តង ហើយក៏​ត្រូវ​បាន​សមត្ថកិច្ច នៃ​ការិយាល័យ ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​តាម​ប្រមាញ់ និង​ឈាន​ដល់​ការចាប់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​ធ្វើ​សកម្ម​ភាព​ឆក់​ទៅលើ​នារី​រងគ្រោះ​បានសម្រេច​រួចមក។​

​គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១០​យប់​ នៅ​ចំណុច​ក្បាល​ស្ពាន​ឧ​ត្ត​រៈ ស្ថិត​ក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង មាន​ករណី​ឆក់​មួយ​បាន​កើត​ឡើង ដែល​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​ឆក់​ទៅលើ​នារី​ម្នាក់ រួច​ក៏បាន​គេចខ្លួន​បាត់ស្រមោល។​

​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ​ឈ្មោះ សា រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​កញ្ចែ​ង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ដែល​សាច់ញាតិ​នាង​បាន​បញ្ជាក់​ថា នាង​បាន​ដួលសន្លប់​ប្រមាណ ៤​ម៉ោង ដោយសារ​មានការ​ប៉ះទង្គិច​ត្រង់​ក្បាល ដោយ​បាត់​ទូរស័ព្ទ​ដៃ​ចំនួន​២គ្រឿង និង​ប្រាក់​ដុល្លារ ២០០​ដុល្លារ​ផង​នោះ សមត្ថកិច្ច​ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សិក្សា និង​ស្រាវជ្រាវ ដើម្បី​តាមរក​មុខ​សញ្ញា​យកមក​ផ្ដន្ទាទោស។​

លុះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨និង​១០​នាទី​ព្រឹក កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខ​សញ្ញា​ធ្វើ​សកម្មភាព​ឆក់​កាបូប នាពេល​កន្លងមក ដែល​ជនសង្ស័យ​នោះ​ ឈ្មោះ ធុច វិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់​នៅ​ភូមិ/ឃុំ​ខាងលើ ព្រមទាំង​បាន​ដកហូត​វត្ថុតាង ​គឺ​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ប្រាក់​ដុល្លារ​ចំនួន​៥៣​ដុល្លារ និង​ម៉ូតូ​ធ្វើ​សកម្មភាព១​គ្រឿង។​

បើតាម​ប្រភព​មួយចំនួន ​គឺ​មុខសញ្ញា​រូបនេះ​ធ្លាប់ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​ជាច្រើន​នៅក្នុង​អាហារដ្ឋាន បុប្ផា​ជ្រៃ​កោង​ជា​ច្រើនលើកច្រើនសា​ផងដែរ​ ព្រោះ​ម្ចាស់​ហាង​បាន​ពិនិត្យមើល​តាម​កាមេរ៉ា​សុវត្ថិភាព។ បច្ចុប្បន្ន ករណីនេះ គឺ​ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ហើយ ស្រប​ពេលដែល​កម្លាំង​អធិការ​ក្រុង​ដេកលក់​អស់ គ្មាន​កម្លាំង​ណា​ម្នាក់​ចេញ​ប្រតិ​បត្តិការ​ឡើយ ដោយ​ទុក​ភារៈ​ទៅ​ឲ្យ​កម្លាំង​ស្នងការ​ទាំងស្រុង​ ដោយ​គេ​មិន​ដឹង​ថា បច្ចុប្បន្ន​កម្លាំង​របស់​អធិការ​ក្រុង​នៅសល់​ប៉ុន្មាន​នាក់​នោះ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu