Ad Code

លោក​គីម​ជុង​អ៊ុន​ទៅ​មើល​រោងចក្រ​ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ងាត់​នៅ​ទីក្រុង​ប៉េកាំង​



មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ឱសថ​មួយ​ក្នុងប្រទេស​ចិន​ ខណៈដែល​គាត់​ស្វែងរក​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់គាត់​រួម​ជាមួយនឹង​ការគាំទ្រ​ខាង​ការទូត​មុនពេល​កិច្ចប្រជុំ​កំពូល​ដែល​គេ​រំពឹងទុក​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​។​

លោក​គីម​បាន​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​បួន​ទៅកាន់​មិត្តភក្តិ​ការទូត​ដ៏​សំខាន់​តែមួយគត់​របស់​ប្រទេស​នេះហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​យុទ្ធសាស្ត្រ​មួយ​មុនពេល​ជំនួប​លើក​ទី​២​ដែល​អាចទៅរួច​រវាង​គាត់​ជាមួយ​ប្រធានាធិបតី​អាមេរិក​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។​

ការធ្វើដំណើរ​មិនបាន​ប្រកាស​នេះ​គឺ​ពោរពេញ​ទៅដោយ​ភាព​សម្ងាត់​។ ក្រៅពី​ការបញ្ជាក់​អំពី​វត្តមាន​របស់គាត់​នៅក្នុង​ទីក្រុង​ប៉េកាំង មិនមាន​ព័ត៌មាន​លម្អិត​ពី​ខាង​កូរ៉េខាងជើង​ឬ​ពី​ភាគី​ចិន​ទេ​ស្តីអំពី​កាលវិភាគ​របស់គាត់​។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា មេដឹកនាំ​កូរ៉េខាងជើង​បាន​ជួប​រយៈពេល​មួយ​ម៉ោង​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​កាលពី​ថ្ងៃ​អង្គារ​ដែល​គេ​ជឿថា​ជា​ខួបកំណើត​របស់លោក​គីម​ហើយ​ក្រោយមក​មេដឹកនាំ​ទាំងពីរ​បានទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ភរិយា​របស់​ពួកគេ​នៅ​វិមាន​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​។​

បើ​យោងតាម Yonhap បាន​ឲ្យ​ដឹងថា ជំនួប​នេះ​បាន​ផ្តោតលើ​កិច្ចប្រជុំ​ដែល​គេ​រំពឹងទុក​រវាង​លោក​គីម​ជាមួយនឹង​លោក​ត្រាំ​។​
​ក្បួន​ម៉ូតូ​មួយ​បាន​ចាក​ចេញពីផ្ទះ​សំណាក់​សម្រាប់​ឥស្សរជន​បរទេស Diaoyutai របស់​ទីក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដោយមាន​វត្តមាន​របស់​ប៉ូលិស​យ៉ាងច្រើន​ហើយ​ចរាចរ​ត្រូវបាន​បិទ​ដើម្បី​ក្បួន​នេះ​។​

Yonhap បាន​រាយការណ៍​ថា លោក​គីម​បាន​ចំណាយពេល​ប្រហែល​កន្លះ​ម៉ោង​ទៅ​មើល​រោងចក្រ​មួយ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ឱសថ Tongrentang នៅ​តំបន់​សេដ្ឋកិច្ច​មួយ​ក្នុង​រដ្ឋធានី​ចិន​។​

ក្រោយមក ក្បួន​ម៉ូតូ​ដែល​ទំនងជា​ដឹក​លោក​គីម​ត្រូវបាន​គេ​មើលឃើញ​ចាកចេញ​ពី​តំបន់ Zhongnanhai ដែលជា​មជ្ឈមណ្ឌល​ដឹកនាំ​របស់​ប្រទេស​ចិន​នៅ​ជិត​ទីក្រុង Forbidden City របស់​ទីក្រុង​ប៉េកាំង​។​

គួរ​បញ្ជាក់ថា លោក​គីម​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu