Ad Code

អតីត​ទាហាន​ខ្មែរក្រហម​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​ផ្ទះ​៧​ខ្នង​ ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​



​ឧ​ត្ត​រ​មានជ័យ ​៖ អតីត​ទាហាន​ខ្មែរក្រហម​ក្នុងស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ភាគច្រើន​មាន​ពិការភាព​ព្រោះតែ​ភ្លើងសង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ ទទួលបាន​ផ្ទះ​សម្រាប់​ស្នាក់នៅ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​ផ្ទះ​ចំនួន​៧​ខ្នង ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ គុណ​៥​ម៉ែត្រ និង​ត​សំយាប​ស័ង្កសី​៣​ម៉ែត្រ ត្រូវ​បាន ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ចុះទៅ​ប្រគល់ជូន​អតីតយុទ្ធជន និង​ជា​អតីត​ទាហាន​ខ្មែរក្រហម​នៅ​ភូមិ​បាត់​ថ្កៅ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​នេះ​។ ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​នាំយក​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​អតីតយុទ្ធជន បន្ទាប់មក​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​ដែល​មក​រស់នៅ​ទីនេះ ត្រូវ​រក្សា​អនាម័យ ដើម្បី​បង្ការ​ជំងឺ និង​ត្រូវ​ចេះ​ថែរក្សា​ផ្ទះសម្បែង​ដែល​បាន​ទទួល​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ បាន​ណែនាំ​លោក​អភិបាលខេត្ត ចាត់តាំង​តាម​មន្ទីរ​ការិយាល័យ​ជុំវិញ​ខេត្ត ចែកគ្នា​ជួយឧបត្ថម្ភ​ដល់​សមាជិក​អតីត​យុទ្ធជន ក្នុង​ដំណាក់កាល​ដែល​ពួកគាត់​ទើប​មក​នៅ​ថ្មី​។​

ដោយ​មាន​សំណូមពរ​ពី​សមាជិក ដែល​មក​នៅ​ទីនេះ ​គ្មាន​ដី​បង្កើន​ផល​នោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ស្នើសុំ​ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​បាន​សម្ដេច​អនុញ្ញាត​ដោះស្រាយ​ដី​ដែល​មាន​ស្រាប់​ជូន​ក្នុង​មួយ​គ្រួសារ​២​ហិកតា​។​

​ដោយ​គោរព​តាម​គោលនយោបាយ​ចម្បង​ទាំង​៣​ នៃ​នយោបាយ​ឈ្នះ​ឈ្នះ (​ធានា​អាយុជីវិត​, ធានា​មុខរបរ អាជីព និង​ធានា​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​) របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នោះ អតីត​ទាហាន​ខ្មែរក្រហម​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បាន​រក្សាទុក​តួនាទី មុខរបរ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដដែល​ក្រោយ​ពេល​ធ្វើ​សមាហរណកម្ម​នៅ​ចុងឆ្នាំ​១៩៩៨​។​

​មកដល់​ពេល​បច្ចុប្បន្ន​ អតីត​ទាហាន​ខ្មែរក្រហម​ដែល​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ភ្លើង​សង្គ្រាម និង​ជួប​ផល​លំបាក​ផ្សេងៗ ទទួល​បាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដូចជា​ការផ្តល់​ផ្ទះសម្បែង និង​ដោះស្រាយ​ការលំបាក​ផ្សេងៗ​។​

​អតីត​ទាហាន​ខ្មែរក្រហម​ទាំង​៧​គ្រួសារ​ ដែល​ទទួលបាន​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ និង​ដី​សម្រាប់​បង្កបង្កើនផល បានបង្ហាញ​ក្តីរំភើប​រីករាយ​ក្នុង​ចិត្ត និង​ប្រកាស​ដឹងគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ចំពោះ​ពួកគាត់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu