Ad Code

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថា ចិន​ចូល​មក​កម្ពុជា​បច្ចុប្បន្ន​មិន​ដូច​កាលពីសម័យ​ទសវត្សរ៍​ទី​៦០​ទេ​



​ភ្នំពេញ ៖ ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ វត្តមាន​ជនជាតិ​ចិន​ បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន នាំ​ឲ្យ​មានការ​វិភាគ​ពី​លំហូរ​ជនជាតិ​ចិន បាន​ក្លាយជា​ប្រធានបទ​ក្តៅ និង​មានការ​ព្រួយបារម្ភ​ផ្សេងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​តាមរបៀប​ផ្សេងគ្នា ជាពិសេស​តាម​បណ្តាញ​សង្គម​។
​ ​
ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច​ បាន​ពន្យល់​ដល់​អ្នក​វិភាគ​មួយ​ចំនួន​ដែល​តែង​រិះគន់ និង​បង្ហាញ​ការព្រួយបារម្ភ​ផ្សេងៗ​ចំពោះ​វត្តមាន​របស់​ជនជាតិ​ចិន និង​ការ​វិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ថា ជនជាតិ​ចិន​ចូលមក កម្ពុជា​នាពេលនេះ មិន​ដូច​ចិន​ដែល​មកកាន់​កម្ពុជា ​កាល​ពី​ទសវត្សរ៍​ទី​៦០ នោះទេ​។ ចិន​ពី​អតីតកាល​មក​កម្ពុជា​ ដោយ​ហែល​ទឹក ហើយ​ចិន​ជំនាន់​ឆ្នាំ​១៩៧៩ បាន​យក​មនោគមន៍​វិជ្ជា​មក​សាប​ព្រួស​នៅ​កម្ពុជា ប៉ុន្តែ​ចិន​សម័យនេះ យក​វិនិយោគ និង​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ មក​កម្ពុជា ហើយ លំហូរ​ចិន នៅមានកម្រិត​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង ដូចជា​ ថៃ ជាដើម ដែល​បច្ចុប្បន្ន លំហូរ​ចិន​ចូល​ស្រុក​ថៃ មាន​មិនតិចជាង​១០​លាន​នាក់​នោះទេ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ផ្គាំ​ទៅ​អ្នកវិភាគ​ទាំងអស់ សូម​ឲ្យ​វិភាគ​ពិចារណា​ឡើងវិញ ថា​តើ​មាន​ជនជាតិ​ប៉ុន្មាន​នាក់​ដែល​កាន់​ប៉ាសស្ព័រ​ខ្មែរ និង​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​។ គ្រប់​ជនបរទេស មិន​ថា ​បារាំង​ ឬ​ចិន មិនមាន​សិទ្ធិ​ទិញ​ និង​កាន់កាប់​ដីធ្លី​នៅ​កម្ពុជា​ទេ កម្ពុជា បាន​ផ្តល់​សិទ្ធិ​ដល់​ជន​បរទេស​ឲ្យ​មាន​សិទ្ធិ​ទិញ​ ចាប់ពី​ជាន់​ទី​១​ឡើង​ប៉ុណ្ណោះ​។​

ទន្ទឹមនឹងនេះ លោក​បណ្ឌិត​ប្រធាន​បាន​ប្រកាស​គាំទ្រ​ប្រសាសន៍​ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​អនុវត្ត​ច្បាប់​ចំពោះ​ជនបរទេស​ទាំងឡាយ ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ខុសច្បាប់​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ លោក​បណ្ឌិតសភា​ចា​រ្យ​សង្ឃឹមថា​ សម្តី​របស់​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

គួរ​បញ្ជាក់​ថា​ លោក​បណ្ឌិត​សភា​ចា​រ្យ សុខ ទូច បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ពិធី​ធ្វើ​បាឋកថា ស្តីពី «​រដ្ឋាភិបាល​ដើម​ស្រល់​”​ កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៩​ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu