Ad Code

វ៉ាន់​ វឿន និង ម៉ន​ សា​ម៉េ​ត ឡើង​បើកឆាក​ខ្សែក្រវាត់​Carabao​ ទម្ងន់​៥៧​គ​.​ក្រ​ នៅ​SEATV



ប្រដាល់ ៖ ​អ្នក​ប្រដាល់​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា និង ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ឡើង​ប្រកួត​បើកឆាក នៅ​ក្នុង​ការចាប់ផ្តើម​លើកដំបូង នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ រដូវ​កាល​ទី​៨ ទម្ងន់ ៥៧ គីឡូក្រាម នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​សង្វៀន​SEATV។​
​ ​
សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ដំបូង​នេះ វ៉ាន់ វឿន ត្រូវ​ជួប​ជាមួយ Deuk Ken។ នេះ​ជាការ​ប្រកួត​លើក​ទី​១ របស់​វ៉ាន់ វឿន ក្នុងការ​បើកឆាក​នេះ​។ Deuk Ken នេះ គេ​មិនដែល​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​នោះ​ទេ​កន្លងមក។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ក្នុងការ​ប្រកួត​ជម្រុះ​ដ​ណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​លើក​នេះ វ៉ាន់ វឿន មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ​អ្នក​ប្រដាល់​ថៃ Deuk Ken​នេះ ក៏​មាន​ស្នៀត​ប្រដាល់​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។​
​ ​
វ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១២​លើក ពុំដែល​ស្មើ ហើយ​អ្នក​ប្រដាល់​ថៃ Deuk Ken​វិញ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៥៩​លើក ឈ្នះ​៤៨​លើក និង​ចាញ់​១១​លើក មិនដែល​ស្មើ​ដូចគ្នា។​
​ ​
ចំពោះ ម៉ន សា​ម៉េ​ត វិញ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ Yorth Vandy ។ អ្នក​ប្រដាល់​ថៃ Yorth Van dy នេះ ក៏​ធ្លាប់​មក​ប្រកួត​សាក​សមត្ថភាព​អ្នក​ប្រដាល់​ខ្មែរ​យើង​ម្តង​ហើយ នៅលើ​សង្វៀន​SEATV​នេះ។

ហេតុនេះ ម៉ន សា​ម៉េ​ត ត្រូវតែ​ប្រយ័ត្ន​ទើបបាន។ ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​គេ​មាន​ជំនឿ​ទុកចិត្ត​លើ​កណ្តាប់ដៃ​របស់​សា​ម៉េ​ត ដែល​អាច​បង្ក្រាប​អ្នក​ប្រដាល់​ថៃ​នេះ​បាន សម្រាប់​ជំនួប​លើកដំបូង នៃ​ព្រឹត្តិការណ៍​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម​នេះ។​
​ ​
ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ រដូវ​កាល​ទី​៨ នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប​និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​វាយ​ដណ្តើមយក​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ា​បាវ​២០១៩ ដែល​មាន​ទឹកប្រាក់​រង្វាន់​សរុប​ចំនួន​៨.០០០​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង លេខ​២។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​, វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា , លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ និង​តា​ញ់ មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។ ឯ អ្នក​ប្រដាល់​ថៃ​៤​នាក់​វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak។

ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​ខ្មែរ​ និង​ខ្មែរ​វិញ ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។​ ជី ឆៃលី និង រិ​ទ្ធ ប្រាក់​ប៊ិន នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ ចាំ​មើល លើក​នេះ​តើន​រណា​ឈ្នះ?។​
​ ​
អ៊ុង កំសត់ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​នួន រ៉ា​ថេប ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ចំណែក អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ជយ​ប​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។​ ចាំមើល អេ​លី​ត ប៊ុន​សិទ្ធ អាច​យកឈ្នះ​រឿន សុខលី បាន​ឬ​អត់? ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu