Ad Code

អ្នកនាំពាក្យ​ក្រសួងការបរទេស ​៖ កម្ពុជា ​នៅ​បន្ត​កិច្ច​សន្ទនា​លើ​បញ្ហា EBA តែ​មិន​យក​អធិបតេយ្យ​ជាតិ ប្ដូរ​ជាមួយ​ជំនួយ​



ភ្នំពេញ ​៖ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​ថា កម្ពុជា​នៅ​បន្ត​កិច្ច​សន្ទនា​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) តែ​កម្ពុជា​បានបញ្ជាក់​ច្បាស់​ហើយ​ថា នឹងមិន​យក​អធិបតេយ្យ​ជាតិ ប្ដូរ​ជាមួយ​ជំនួយ​នោះទេ​។​

ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បែបនេះ ជាការ​ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Francesca Erdelmann តំណាង​ថ្មី​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program WFP) ដែល​បាន​ចូលជួប​សម្តែង​ការគួរសម និង​ប្រគល់​លិខិត​សារតាំង កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​។​

លោក កេ​ត សោ​ផាន់ ថ្លែងថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​សហភាព​អឺរ៉ុប ហើយ​នៅឯ​កិច្ចប្រជុំ​នោះ នឹងមាន​ជំនួប​ជាមួយ​ឧត្ដម​ស្នងការ​ពាណិជ្ជកម្ម​របស់ EU ដូច្នេះ​ភាគី​ទាំងពីរ​នៅតែ​បន្ត​កិច្ចសន្ទនា​ជាមួយគ្នា​។

លោក​បញ្ជាក់​យ៉ាងនេះ​ថា “​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ​ខ្ញុំ​ធ្លាប់បាន​លើកឡើង​នៅក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃមុន​រួចហើយ​ថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​សហភាព​អឺរ៉ុប ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ នឹងមាន​ជំនួប​ជាមួយ​ឧត្ដម​ស្នងការ​ពាណិជ្ជកម្ម​របស់ EU ដូច្នេះ​ខ្ញុំ​មិនមាន​ពាក្យ​អ្វី​ច្រើន​ទេ គ្រាន់តែ​ចង់​បញ្ជាក់​ថា ភាគី​ទាំងពីរ​នៅតែ​បន្ត​កិច្ច​សន្ទនា​ជាមួយគ្នា អត់​មាន​អ្វី​ដែល​ដក ឬ​យ៉ាងណា​នោះ​ទេ គឺ​កិច្ច​សន្ទនា​នៅតែ​បន្ត​”​។​

ក្នុងនាម​ក្រសួងការបរទេស​ លោក កេ​ត សោ​ផាន់ អះអាង​ថា “​ខ្ញុំ​សូម​បញ្ជាក់​ជំហរ​មួយ គឺ​នៅតែ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ ​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ជំហរ​របស់​រាជរដ្ឋាភិបាល​ច្បាស់​ហើយ​ថា មិន​ប្ដូរ​ជំនួយ​ជាមួយ​អធិបតេយ្យ​ជាតិ​នោះ​ទេ ដូច​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ និង​អន្តរជាតិ​បាន​ដឹង​រួចហើយ​ថា ជំហរ​រាជ​រដ្ឋា​ភិបាល​ច្បាស់លាស់​ណាស់​លើ​បញ្ហា​នេះ យើង​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​និយាយ​ចរចា​ជាមួយគ្នា យើង​មិនមែន មិន​និយាយ​រកគ្នា​នោះ​ទេ គឺ​យើង​នៅតែ​បន្ត​កិច្ច​សន្ទនា​ជាមួយគ្នា​”​។​

ទាក់ទង​បញ្ហា​នេះ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់បាន​បញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប កំពុងធ្វើការ​ប្រជុំគ្នា និង​ទំនាក់ទំនង​គ្នា​ជាប្រចាំ​ផងដែរ​។ លោក​បញ្ជាក់ថា “​អីចឹង ​ខ្ញុំ​មិន​ចង់​ព្យាករណ៍​ថា តើ​អ្វី​ទៅជា​លទ្ធផល​ នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​នោះ​ទេ​...​ដំណើរការ​នេះ ជា​ដំណើរការ​មួយ​ដ៏​ស្មុគស្មាញ ដើម្បី​ធ្វើការ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​នោះ ហើយ​បច្ចុប្បន្ន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ខាង​គណៈកម្មការ​កំពុង​តែ​ដំណើរការ ក្នុង​ការ​ដក​យក​មក​វិញ​ជា​ផ្លូវ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)”។​

តាម​ លោក George Edgar ដំណើរការ​ក្នុង​ចរចា​គ្នា​អំពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ដំណើរការ​ដ៏​ស្មុគស្មាញ​មួយ ហើយ​ដំណើរការ​ជា​លក្ខណៈ​ផ្លូវការ​នេះ វា​ត្រូវការ​ពេលវេលា​ច្រើន ជាពិសេស​ក្នុង​រយៈ​៦​ខែ​ដំបូង​នេះ វា​ត្រូវការ​ពិភាក្សា​គ្នា ចរចា​គ្នា​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បន្ទាប់មក​ទៀត បញ្ហា​ដទៃ​ទៀត នឹង​អាច​ដោះស្រាយ​បាន បន្ទាប់ពី​កិច្ចពិភាក្សា​រយៈពេល​៦​ខែ ​ទៅ​លើ​បញ្ហា ដែលមាន​នេះ​។

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បញ្ជាក់​ថា ក្រោយពី​ដំណើរការ​មួយ​ឆ្នាំ ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA នេះ ទើប​មានការ​សម្រេច​ចិត្តថា នឹង​ត្រូវ​ព្យួរ​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬក៏​អត់ គឺ​ត្រូវការ​រយៈពេល​មួយ​ឆ្នាំ​។

ដូច្នេះ​បច្ចុប្បន្ននេះ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កំពុង​រៀបចំ​នៅឡើយ ហើយ​ដំណាក់កាល​ជា​ផ្លូវការ​នោះ មិនទាន់​ចាប់ផ្ដើម​នៅឡើយ​ទេ​។​

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងករណី​ដែល​មិនមាន​ការ​កែសម្រួល​អ្វីមួយ​តាម​ការ​ចង់បាន​របស់​ខ្លួន ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ ​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែល​ជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការ​កំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ ហើយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា ប្រសិនបើ​មានការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន នឹង​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ ជា​ឧបករណ៍​នយោបាយ​បរទេស​របស់ខ្លួន​សម្រាប់​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu