Ad Code

UNHCR-៖ ការវាយតម្លៃ​សិទ្ធិ​ជ្រកកោន​សម្រាប់​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងប្រទេស​ថៃ​នឹង​ចំណាយពេល​ច្រើន​ថ្ងៃ



ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNHCR-) ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ការទាមទារ​សិទ្ធិ​ជ្រកកោន​របស់​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​វ័យក្មេង​ម្នាក់​ដែល​ប្រឆាំងនឹង​ការ​និរទេស​ចេញពី​ប្រទេស​ថៃ​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ថ្ងៃ​ដើម្បី​វាយតម្លៃ​។​

នាង Rahaf Mohammed al-Qunun​បានមក​ដល់​អាកាសយានដ្ឋាន​ដ៏​ធំ​របស់​ទីក្រុង​បាងកក​កាលពី​ចុង​សប្តាហ៍​តាម​ជើងហោះហើរ​មួយ​មកពី​ប្រទេស​គុយ​វ៉ែត​បន្ទាប់ពី​រត់ចេញ​ពី​គ្រួសារ​របស់​នាង​ដែល​នាង​អះអាងថា​បាន​រំលោភបំពាន​ផ្លូវកាយ​និង​ផ្លូវចិត្ត​លើ​រូបនាង​។​

ក្មេងស្រី​អាយុ​១៨​ឆ្នាំ​រូបនេះ​បាន​និយាយថា នាង​មាន​គម្រោង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​ភ័យខ្លាច​ថា​នាង​នឹង​ត្រូវគេ​សម្លាប់​ប្រសិនបើ​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅវិញ​ដោយ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​ដែល​បាន​បញ្ឈប់​នាង​នៅឯ​ព្រលានយន្តហោះ​កាលពី​ថ្ងៃអាទិត្យ​។​

កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​យ៉ាង​ដិតដល់​ចាប់តាំងពី​ការសម្លាប់​អ្នកកាសែត Jamal Khashoggi​កាលពី​ឆ្នាំមុន​។​
​ដំបូង​អាជ្ញាធរ​ថៃ​បាន​និយាយ​ថា Qunun​នឹង​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​វិញ​។​

ប៉ុន្តែ​ខណៈដែល​ស្ថានភាព​របស់​នាង​បាន​រីក​រាលដាល​នៅ​ទូទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​ពួកគេ​បាន​ផ្លាស់ប្តូរ​គំនិត​ហើយ​បានអនុញ្ញាត​ឲ្យ​នាង​ចាក​ចេញពី​ព្រលាន​យន្តហោះ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ក្នុងការ​ថែទាំ​របស់ UNHCR ។​

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា “​អរគុណ​ខ្លាំង​ណាស់​” ដែល​មន្ត្រី​មិនបាន​បញ្ជូន​នាង Qunun​ត្រលប់​ទៅវិញ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​នាង​។​

តំណាង​របស់ UNHCR ប្រចាំ​ប្រទេស​ថៃ​លោក Giuseppe de Vicentiis​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វា​អាច​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ដើម្បី​ដំណើរការ​រឿងក្តី​នេះហើយ​កំណត់​នូវ​ជំហាន​បន្ទាប់​។​

គួរ​បញ្ជាក់ថា ប្រទេស​ថៃ​មិនមែន​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ជនភៀសខ្លួន​ទេ​ហើយ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ធម្មតា​ត្រូវ​បាន​គេ​និរទេស​ចេញ ​ឬ​រង់ចាំ​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​តាំង​ទីលំនៅ​នៅក្នុង​ប្រទេស​ទី​បី​៕AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu