Ad Code

World Food Program ផ្លាស់ប្ដូរ​តួនាទី​របស់ខ្លួន ​ពី​ការផ្ដល់​ស្បៀង​សម្រាប់​ប្រជាជន​រស់​ ទៅជា​ដៃគូ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​



​ភ្នំពេញ​ ៖ ការ​បញ្ជាក់​បែបនេះ​បានធ្វើ​ឡើង ខណៈ​លោកស្រី Francesca Erdelmann តំណាង​ថ្មី​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program WFP) បាន​ចូល​ជួប​សម្ដែង​ការគួរសម និង​ប្រគល់​លិខិត​សារតាំង​ជាមួយ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​។​

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន បាន​អបអរសាទរ និង​ជូនពរ​លោកស្រី Francesca Erdelmann ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​ឯកឧត្ដម​ក៏បាន​ត្រៀមខ្លួន ដើម្បី​គាំទ្រ​ឲ្យ​បេសកកម្ម​របស់លោក​ស្រី​ទទួលបាន​ជោគជ័យ​ផងដែរ​។

ជាការ​ឆ្លើយតប ​លោកស្រី​បាន​ថ្លែងអំណរគុណ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​លោកស្រី ជា​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program) ប្រចាំ​ប្រទេស​កម្ពុជា ហើយ​លោកស្រី​បាន​រំឭក​ថា សកម្មភាព​របស់​អង្គការ World Food Program ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​នេះ មាន​រយៈពេល​៤០​ឆ្នាំ​ហើយ ដូច​ទិវា​ជ័យជម្នះ ៧​មករា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាននាំគ្នា​អបអរសាទរ​យ៉ាង​គគ្រឹក​គគ្រេង​កាលពី​ថ្មីៗ​នេះដែរ​។

ជាមួយគ្នា​នោះ លោកស្រី​បាន​ជម្រាបជូន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អង្គការ World Food Program បានរៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​រួចហើយ ដែល​កម្មវិធី​នេះ នឹង​អនុម័ត​នៅពេល​ឆាប់​ឆាប់​គ្រប់មុខ​។

ជាមួយគ្នា​នោះ​ លោកស្រី​ បាន​សម្ដែង​ក្តី​រីករាយ​ថា បើទោះបីជា​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក មិនទាន់​ត្រូវបាន​អនុម័ត​ក៏ដោយ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺមាន​សុគត​ភាព​ជាមួយគ្នា​យ៉ាងច្រើន​។​

ជាមួយគ្នា​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក (World Food Program) ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុង​គ្រា​លំបាក គឺ​តាំងពី​ឆ្នាំ​១៩៧៩ ខណៈដែល​កម្ពុជា​មានកា​រ​លំបាក​ផ្នែក​ស្បៀងអាហារ ហើយ​នៅពេលនោះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ផ្លាស់ប្ដូរ​នូវ​តួនាទី​របស់ខ្លួន​ពី​ការផ្ដល់​ស្បៀង​សម្រាប់​ប្រជាជន​រស់ ទៅជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​មួយ​យ៉ាង​ល្អ និង​រឹងមាំ​ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

តាម ​លោក កេ​ត សោ​ផាន់ នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​នូវ​ក្តី​រីករាយ នៅពេល​ទទួល​ព័ត៌មាន​ថា ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​របស់​អង្គការ World Food Program មាន​សុគតភាព​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ពន្យល់​ដែរ​ថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក ធ្វើការ​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ដូចជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម ជាពិសេស​ក្រសួង​អប់រំ គឺ​ធ្វើការ​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​អង្គការសហប្រជាជាតិ ដែល​ផ្ដោត​សំខាន់​ទៅលើ​គោលដៅ​ទី​២ និង​គោលដៅ​ទី​១៧ គឺ​ទី​២ មិនអោយ​ប្រជាពលរដ្ឋ​មាន​ភាព​អត់ឃ្លាន​, ទី​១៧ ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាង​មុន ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu