ត្បូងឃ្មុំ ៖ ការជំរុញបែបនេះរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩។
ឯកឧត្ដមមានប្រសាសន៍លើកឡើងថា ផ្អែកតាមការព្យាករណ៍ ប្រទេសកម្ពុជាមានអាកាសធាតុក្តៅហួតហែង ហើយរដូវប្រាំង ក៏នឹងអាចអូសបន្លាយយូរជាងឆ្នាំមុនៗ ដូច្នេះ នៅចំពោះមុខបាតុភូត ធម្មជាតិនេះ រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាល ក្រុង/ស្រុក និងឃុំ/សង្កាត់ ចុះត្រួតពិនិត្យអំពីប្រភពទឹកនានានៅមូលដ្ឋាន ទាំងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផលរដូវប្រាំង ហើយត្រូវធ្វើការវាយតម្លៃពីទំហំ នៃការប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់ទាំងអស់។
ឯកឧត្ដមបន្តថា យើងត្រូវប្រើដោយសន្សំសំចៃ ដោយផ្តល់លទ្ធភាពជាចម្បង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ ត្រូវត្រៀមលក្ខណៈដោះស្រាយទឹកជូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនទុកឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។
ជាមួយគ្នានោះ មន្ទីរជំនាញមួយចំនួនដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទត្រូវសហការអប់រំប្រជាជននៅតាមមូលដ្ឋាន អំពីការថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមផ្សេងៗ ហើយត្រូវត្រៀមជានិច្ចក្នុងការជួយព្យាបាល ឲ្យទាន់ពេលវេលា។ ក្នុងនោះ ក៏ត្រូវចុះពន្យល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យដែលងាយនឹងឆាបឆេះផ្ទះសម្បែងរបស់ពួកគាត់ផងដែរ។
ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរខេត្ត ក្រុង/ស្រុក ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានដាច់ខាត ដើម្បីជាការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឲ្យកាន់តែមានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ជាប្រមុខ។ ក្នុងនោះអាជ្ញាធរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត ដោយមិនត្រូវរើសអើង ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ។
បើតាមប្រសាសន៍ ឯកឧត្ដមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ដោយបានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ការពារ សន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើស គ្រប់ប្រភេទ ជាពិសេសជំរុញបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តឲ្យអនុវត្តតាមជំនាញការងារនិមួយៗយ៉ាងមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេច តេជោ នាយករដ្ឋមន្ត្រី។ ក្នុងនោះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនសម្រាប់ដោះស្រាយបន្ត ក្នុងឆ្នាំ២០១៩ខាងមុខផងដែរ តែយ៉ាងណារដ្ឋបាលខេត្ត នឹងខិតខំបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការងារបម្រើសេវាសាធារណៈឲ្យបានទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments