កណ្តាល ៖ បុរសដែលគេស្គាល់ ឈ្មោះ ក្រង ចំរើន បានបាត់បង់ជីវិត ឯ ឈ្មោះ ទ្រី ចំរើន បានរត់គេចខ្លួន ក្រោយមានជម្លោះវាយប្រហារគ្នាដោយដាវ និងដំបង។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ។ ជនសង្ស័យ ឈ្មោះ ទ្រី ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងបក្ខពួកផ្សេងទៀត។
កន្លងមក ជនរងគ្រោះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ជាពិសេស ដើរបង្ករឿងជាមួយអ្នកជិតខាងលក់ដូរដូចគ្នាទៀតផង។ នៅថ្ងៃកើតហេតុ វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យ ឈ្មោះ ទ្រី ចំរើន និង មិត្តភ័ក្ដិម្នាក់ទៀត មិនស្គាល់ឈ្មោះ បានចូលហូប ភេសជ្ជៈនៅក្នុងហាង មីហឹរ ក្នុងពេលកំពុងហូបនោះ(ជនរងគ្រោះ) បានកាន់កាតូទឹកជ័រ មកវាយក្បាលជនសង្ស័យ (ទ្រី ចំរើន) ពេលនោះ ជនសង្ស័យ ឈ្មោះ ទ្រី ចំរើន និង ជនសង្ស័យ ម្នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នារត់ចេញ មកក្រៅ ហើយជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខទៅបាត់។ លុះដល់ម៉ោង១៥និង៣០នាទី ជនសង្ស័យ ឈ្មោះ ទ្រី ចំរើន និង បក្ខពួកចំនួន៣នាក់ទៀត មិនស្គាល់ឈ្មោះ បានជិះម៉ូតូ ម៉ាកសង់ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ ម៉ូតូម៉ាកវ៉េវ និងម៉ូត១គ្រឿងទៀត មិនស្គាល់ម៉ាក បានមកឈប់កន្លែងកើតហេតុ ដោយមានកាន់បំពង់ទីប និង ដប កាន់គ្រប់ដៃ ចំណែកជនរងគ្រោះកាន់ដាវ។ ពេលនោះមានការ ប្រតាយប្រតប់ កាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យជនរងគ្រោះមានរបួសលើចិញ្ចើម ភ្នែកស្ដាំហូរឈាមយ៉ាងច្រើន ដក់នៅលើដី ដេក នៅមុខផ្ទះ ក្បែរចិញ្ចើមថ្នល់ (ផ្លូវជាតិ លេខ៦) ហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅអស់ ។ បន្ទាប់មក ម្ដាយជនរងគ្រោះ ឈ្មោះ ប៊ុន ហ៊ាង បានមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះប្រកាច់នៅនឹងកន្លែង រួចគាត់បានរត់រកអ្នកជិតខាងឲ្យជួយ និងមានការផ្អើលឆោឡោ មកមើលកន្លែងកើតហេតុ ដោយជនរងគ្រោះ ពេលនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពី សមត្ថកិច្ច បានទទួលព័ត៌មាននៅវេលាម៉ោង១៦និង០៨នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កម្លាំងព្រហ្មទណ្ឌស្រុក និងប៉ុស្តិ៍ បានចុះធ្វើការពិនិត្យកន្លែងកើតហេតុពិនិត្យសាកសព រួចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ករណីនេះ កម្លាំងសមត្ថកិច្ច បានកំពុងបន្តស្វែងតាមរកចាប់ខ្លួនជនសង្ស័យ រួមនឹងបក្ខពួក ផ្សេងទៀត ដើម្បីបន្តចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments