សហរដ្ឋអាមេរិកមានផែនការពង្រីកគោលនយោបាយបញ្ជូនជនអន្តោប្រវេសន៍ដែលស្វែងរកការសុំសិទិ្ធជ្រកកោនឲ្យត្រលប់ទៅព្រំដែនភាគខាងត្បូងវិញដើម្បីរង់ចាំការពិនិត្យរបស់តុលាការដែលជាហេតុបង្កឲ្យមានប្រតិកម្មពីប្រទេសម៉ិកស៊ិកជុំវិញ “វិធានការឯកតោភាគី” នេះ។
ក្រសួងការបរទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយដែលជាការប៉ុនប៉ងចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីរារាំងជនអន្តោប្រវេសន៍គ្មានឯកសារមួយនេះនឹងត្រូវអនុវត្តនៅច្រកព្រំដែនទីពីរពោលគឺនៅចន្លោះទីក្រុង Calexico នៃរដ្ឋ California និងទីក្រុង Mexicali នៃប្រទេសម៉ិកស៊ិក។
វិធានការមួយនេះដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សគឺត្រូវបានអនុវត្តជាលើកដំបូងកាលពីខែមករានៅឯច្រកព្រំដែនចន្លោះទីក្រុង Tijuana និងទីក្រុង San Ysidro នៃរដ្ឋ California ។
ក្រសួងការបរទេសម៉ិកស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលម៉ិកស៊ិកបានបញ្ជាក់ជាថ្មីថា ខ្លួនមិនយល់ព្រមជាមួយវិធានការជាឯកតោភាគីដែលអនុវត្តដោយអាជ្ញាធរអាមេរិកនេះទេ”។
គោលនយោបាយដែលគេស្គាល់ថា Migrant Protection Protocols នេះគឺអនុវត្តចំពោះជនអន្តោប្រវេសន៍មិនមែនជាជនជាតិម៉ិកស៊ិក។
លោក Trump ដែលកាលពីដើមឡើយបានដាក់ឈ្មោះគោលនយោបាយនេះថា “Remain in Mexico” បានបង្ហាញនូវគំនិតនេះកាលពីឆ្នាំមុនខណៈដែលក្បួនជាបន្តបន្ទាប់នៃជនអន្តោប្រវេសន៍អាមេរិកកណ្តាលរាប់ពាន់នាក់បានធ្វើដំណើរតាមផ្លូវឆ្ពោះទៅព្រំដែនអាមេរិក-ម៉ិកស៊ិក។
ប្រទេសម៉ិកស៊ិកបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរអាមេរិកអំពីជនចំណាកស្រុកដែលនឹងត្រូវបានបញ្ជូនត្រលប់មកវិញប៉ុន្តែសម្រាប់តែ “ហេតុផលមនុស្សធម៌” ប៉ុណ្ណោះ។
ក្រុមសិទិ្ធមនុស្សអន្តរជាតិនិងមេធាវីអន្តោប្រវេសន៍អាមេរិកបានចោទប្រកាន់រដ្ឋបាលរបស់លោក Trump ថាបានរំលោភច្បាប់អន្តរជាតិដោយការបញ្ជូនអ្នកដែលកំពុងភៀសខ្លួនឲ្យវិលត្រលប់ទៅប្រទេសមួយដែលជាកន្លែងពួកគេអាចប្រឈមនឹងគ្រោះថ្នាក់បន្ថែមទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments