Ad Code

ទំនាស់​ពាក្យសម្ដី ​នាំគ្នា​មក​កាប់​ជនរងគ្រោះ ​រហូត​ពិការ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​



​សៀមរាប ​៖​ ជនសង្ស័យ​មួយ​ក្រុម​ មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជនរងគ្រោះ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ពិការ​មួយជីវិត ​ហើយ​ពួកគេ​បាន​រត់គេចខ្លួន​អស់​៣​នាក់ ​ក្នុង​នោះ​ម្នាក់ ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ក្រុង​ចាប់ខ្លួន​។​

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃទី​៩​ ខែ​មីនា ​ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រុមទី​២ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធិ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស លើ​ជនរងគ្រោះ​ឈ្មោះ ទ​.​ប​.​ញ​.​រ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បង្កឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​ចំនួន​០២គ្រឿង ក្រោយ​ធ្វើ​សកម្មភាព​ហើយ ពួកគេ​បាន​រត់គេចខ្លួន​អស់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ខាងលើ រងរបួស​ក្បាល​ផ្នែក​ខាង​លើ ប្រវែង​០៥​សង់ទីម៉ែត្រ និង ដាច់​ម្រាម​មេដៃ​ស្ដាំ​។​

លោក​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ស្នងការ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ឆ្នាំ​ដដែល កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​រូបលោក​ផ្ទាល់ បាន​បើក​ការស្រាវជ្រាវ រហូត​កំណត់​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ រុន ដា​រ៉ា​ល់ ហៅ នី​ត ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​ជា​មេខ្លោង និង​ជា​ជនដៃដល់ យក​មក​ធ្វើការ​សាកសួរ។​

ជនសង្ស័យ​បាន​សារភាពថា ខ្លួន ​និង​បក្សពួក​ចំនួន​០៣​នាក់ ផ្សេងទៀត បាន​យក​កាំបិត​ដាវ មក​កាប់ ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន មូលហេតុ ដោយសារ ទំនាស់​ពាក្យសម្ដី ករណី​ស្ទះ​ចរាចរណ៍ នៅ​ខាង​មុខ​ហាង​របស់​ជនរងគ្រោះ ហើយក៏​ទៅ​ហៅ​បក្ខពួក​របស់​ខ្លួន មក​ធ្វើ​សកម្មភាព​ខាងលើ​តែម្ដង​។ ​វត្ថុ​តា​ដកហូត​បាន ,​កាំបិត​ដាវ​ប្រវែង​៦០​សង់ទីម៉ែត្រ ចំនួន​០១​ដើម​,​ម៉ូតូ ម៉ាក​YAMAHA M-SLAZ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ សៀមរាប 1AC-5683 ចំនួន​០១​គ្រឿង​។​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ ​និង​ចម្លើយ​សារភាព ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។​ ចំណែក បក្ខពួក​ជនសង្ស័យ​ចំនួន​០៣​នាក់​ផ្សេងទៀត កម្លាំង​យើង​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ និង​កសាង​សាវតារ​រួចរាល់​ដាក់ចូល​សំណុំរឿង​រួចហើយ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu