Ad Code

អតីត​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​បុរី​វ៉ា​ទី​កង់ ​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៦​ឆ្នាំ​ពីបទ​រំលោភបំពាន​កុមារ



បព្វជិត​កាឌីណាល់​អូស្ត្រាលី​លោក George Pell ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​ក្មេងប្រុស​ពីរ​នាក់​ នៅក្នុង​អ្វីដែល​ចៅក្រម​រិះគន់ថា​ ជាការ​វាយប្រហារ​ដោយ​លួចលាក់​និង​ការរំលោភ​អំណាច។

លោក Pell ដែល​នៅតែ​រក្សា​ភាព​គ្មាន​ទោស​របស់គាត់​និង​មាន​ផែនការ​ប្តឹង​ឧទ្ធរណ៍​បានបង្ហាញ​ខ្លួន​ក្នុង​តុលាការក្រុង​មែ​ល​ប៊​ន​បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​លើ​បទល្មើស​ចំនួន​៥​ករណី​រួមមាន​ទាំង​ការរំលោភ​សេពសន្ថវៈ​និង​ការធ្វើ​ទុក្ខទោស​ផងដែរ​លើ​ក្មេងប្រុស​ក្នុង​ឆ្នាំ​១៩៩៦-១៩៩៧​។​

បព្វជិត​កាឌីណាល់​រូបនេះ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អតិបរមា​រយៈពេល​៥០​ឆ្នាំ​ចំពោះ​បទចោទប្រកាន់​ទាំង​ប្រាំ​។​

លោក Pell ត្រូវបាន​គេ​រកឃើញថា​មានទោស​កំហុស​ក្នុងការ​បង្ខាំង​ក្មេងប្រុស​ពីរ​នាក់​ដែលមាន​អាយុ​១៣​ឆ្នាំ​នៅពេលនោះ​និង​ទទួលបាន​អាហារូបករណ៍​នៅ​មហាវិទ្យាល័យ St Kevin's អំឡុង​ពិធីបុណ្យ​ពិសិដ្ឋ​ថ្ងៃអាទិត្យ​នៅ​វិហារ St Patrick's Cathedral ក្នុង​ខែធ្នូ​ឆ្នាំ​១៩៩៦​នៅពេលដែល​គាត់​ជា​សង្ឃនាយក​នៃ​ទីក្រុង​មែ​ល​ប៊​ន​។​

ជនរងគ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយសារ​ប្រើប្រាស់​ហេ​រ៉ូ​អ៊ី​ន​ហួស​កម្រិត​ក្នុង​ឆ្នាំ​២០១៤​គឺ​មិនដែល​បាន​លាតត្រដាង​ពី​ការរំលោភបំពាន​ដែល​គាត់​ទទួលរង​ដោយ​ដៃ​របស់លោក Pell ទេ​។​

អ្នកគាំទ្រ​ជនរងគ្រោះ​ម្នាក់​នៅ​ខាងក្រៅ​តុលាការ​ដែល​បាន​ប្រាប់​ឈ្មោះ​របស់​នាង​ថា Rhonda បាន​និយាយថា “​យុត្តិធម៌​តិចតួច​ត្រូវបាន​ធ្វើឡើង​នៅថ្ងៃនេះ​។ ខ្ញុំ​មិន​គិតថា​រយៈពេល​៦​ឆ្នាំ​គឺ​យូរ​គ្រប់គ្រាន់​នោះទេ​”​។​

គួរ​បញ្ជាក់ថា លោក Pell គឺជា​សមាជិក​ជាន់ខ្ពស់​បំផុត​នៃ​បព្វជិត​ដែល​ត្រូវបាន​គេ​ផ្តន្ទាទោស​ពីបទ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។​

រហូតមក​ដល់ពេល​ថ្មីៗ​នេះ គាត់​បានរៀបចំ​ហិរញ្ញវត្ថុ​របស់​បុរី​វ៉ា​ទី​កង់​និង​បាន​ជួយ​ការជ្រើសរើស​សម្តេច​ប៉ាប​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu