សហរដ្ឋអាមេរិកបាននិយាយថា “មិនមានមូលដ្ឋាន” ដើម្បីផ្អាកយន្តហោះ Boeing 737 MAX ទេបន្ទាប់ពីគ្រោះថ្នាក់ជាលើកទីពីរដែលពាក់ព័ន្ធនឹងយន្តហោះម៉ូដែលនេះ ក្នុងរយៈពេលតិចជាងប្រាំខែបានជំរុញឲ្យរដ្ឋាភិបាលនានានៅទូទាំងពិភពលោកហាមឃាត់យន្តហោះនេះ។
បើទោះបីជាមានការធានាពីក្រុមហ៊ុនអាកាសចរណ៍យក្សនេះថា យន្តហោះនេះមានសុវត្ថិភាពនិងអាចទុកចិត្តបានក៏ដោយ សហភាពអឺរ៉ុប ចក្រភពអង់គ្លេសនិងឥណ្ឌាបានចូលរួមជាមួយចិននិងបណ្តាប្រទេសដទៃទៀតក្នុងការផ្អាកយន្តហោះប្រភេទនេះឬហាមឃាត់វាពីដែនអាកាសរបស់ខ្លួនខណៈពួកគេកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។
ប៉ុន្តែរហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធធ្វើសកម្មភាពស្រដៀងគ្នានេះប្រឆាំងនឹងយន្តហោះដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយនេះ។
លោក Daniel Elwell នាយករដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “រហូតមកដល់ពេលនេះ ការពិនិត្យរបស់យើងបានបង្ហាញថា មិនមានបញ្ហានៃការអនុវត្តន៍ប្រព័ន្ធនិងគ្មានមូលដ្ឋានដើម្បីបញ្ជាយន្តហោះឲ្យផ្អាកទេ”។
យន្តហោះ 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបានធ្លាក់អំឡុងជើងហោះហើរចេញពីក្រុង Addis Ababa ទៅកាន់ទីក្រុង Nairobi កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សទាំងអស់១៥៧នាក់នៅលើយន្តហោះ។
វាបានកើតឡើងបន្ទាប់ពីការធ្លាក់យន្ដហោះម៉ូដែលដូចគ្នាដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Lion Air នៃប្រទេសឥណ្ឌូនេស៊ីដែលបានសម្លាប់មនុស្សចំនួន១៨៩នាក់ក្នុងរយៈពេលខ្លីបន្ទាប់ពីហោះចេញពីទីក្រុង Jakarta។
សកម្មភាពដ៏ធំធេងប្រឆាំងនឹងយន្តហោះនេះបានដាក់សម្ពាធលើក្រុមហ៊ុន Boeing ដើម្បីឲ្យបញ្ជាក់ថា យន្តហោះប្រភេទ MAX គឺមានសុវត្ថិភាពហើយក្រុមហ៊ុននេះបាននិយាយថា ខ្លួននឹងបង្ហាញកម្មវិធីហោះហើរថ្មីនៅត្រឹមខែមេសាដែលអាចដោះស្រាយបញ្ហាជាមួយឧបករណ៏ខូច។
វិសាលភាពទាំងស្រុងនៃផលប៉ះពាល់នៃការហាមឃាត់យន្តហោះនេះនៅលើផ្លូវធ្វើដំណើរជាអន្តរជាតិគឺមិនត្រូវបានគេដឹងច្បាស់លាស់ទេ។ បច្ចុប្បន្ននេះ មានយន្តហោះប្រភេទ MAX 8 ចំនួន៣៥០គ្រឿងកំពុងដំណើរការនៅជុំវិញពិភពលោក៕ AFP
Source: Kampuchea Thmey Daily
0 Comments