ប្រទេសវៀតណាមនៅថ្ងៃពុធបានអំពាវនាវឲ្យប្រទេសម៉ាឡេស៊ីដោះលែងស្ត្រីវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រើសារធាតុពុល VX សម្លាប់បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងបន្ទាប់ពីតុលាការម៉ាឡេស៊ីបានទម្លាក់ការចោទប្រកាន់ដូចគ្នានេះលើស្ត្រីឥណ្ឌូនេស៊ីម្នាក់។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការហៅទូរស័ព្ទមួយទៅកាន់សមភាគីម៉ាឡេស៊ីឈ្មោះ Saifuddin Abdullah, រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Binh បានស្នើសុំឲ្យប្រទេសម៉ាឡេស៊ីត្រូវធានាឲ្យមានការកាត់ក្តីដោយយុត្តិធម៌មួយនិងដោះលែងពលរដ្ឋវៀតណាមឈ្មោះ Doan Thi Huong។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ រដ្ឋាភិបាលបាននិយាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Le Thanh Long បានផ្ញើលិខិតមួយទៅអគ្គរាជអាជ្ញានៃប្រទេសម៉ាឡេស៊ីឈ្មោះ Tommy Thomas ដោយស្នើសុំឲ្យប្រទេសម៉ាឡេស៊ីដោះលែងនាង Huong ។
អ្នកដែលជាប់ចោទជាមួយនាង Huong គឺស្ត្រីសញ្ជាតិឥណ្ឌូនេស៊ីឈ្មោះ Siti Aisyah ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ។
នាងនិងនាង Huong ត្រូវបានគេចោទប្រកាន់ថាបានបំពុលលោក Kim Jong Nam ជាមួយនឹងសារធាតុគីមី VX នៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួរកាលពីខែកុម្ភៈឆ្នាំ២០១៧។ ការផ្តន្ទាទោសអាចឈានទៅដល់ទោសប្រហារជីវិត។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា លោក Minh បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទថា បណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាជនវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកាត់ក្តីនេះ។
ស្របពេលជាមួយគ្នានោះដែរ ឪពុករបស់នាង Huong គឺលោក Doan Van Thanh បាននិយាយថា ការដោះលែងនាង Siti Aisyah គឺជាដំណឹងល្អសម្រាប់ក្រុមគ្រួសាររបស់គាត់។ លោក Thanh បានប្រាប់រ៉យទ័រថា “ខ្ញុំជឿជាក់ថា កូនស្រីរបស់ខ្ញុំនឹងត្រូវបានដោះលែងដូចគ្នាព្រោះនាងមិនមានកំហុសទេ។ យើងមិនទាន់ទទួលបានព័ត៌មានពីប្រទេសម៉ាឡេស៊ីទេនាពេលថ្មីៗនេះហើយយើងចង់ឮពីពួកគេឥឡូវនេះ”។
គួរបញ្ជាក់ថា តុលាការគ្រោងនឹងបន្តនីតិវិធីនៅថ្ងៃព្រហស្បតិ៍នេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments