ប្រទេសជប៉ុនបាននិយាយនៅថ្ងៃពុធថា ជប៉ុនបានសម្រេចចិត្តជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក្នុងការមិនបញ្ជូនសេចក្តីសម្រេចរួមមួយទៅអង្គការសហប្រជាជាតិ ដែលថ្កោលទោសការរំលោភបំពានសិទិ្ធមនុស្សរបស់ប្រទេសកូរ៉េខាងជើង។
ប្រទេសជប៉ុននិងសហភាពអឺរ៉ុបបានដាក់ញត្តិមួយដែលថ្កោលទោសចំពោះកំណត់ត្រាសិទ្ធិរបស់កូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៨មក។ កូរ៉េខាងជើងបានច្រានចោលម្តងហើយម្តងទៀតនូវការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។
លោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការសម្រេចនេះត្រូវបានយកមកពិចារណាលើកត្តាជាច្រើនដូចជាលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនិងបញ្ហានៃការចាប់ពង្រត់របស់ជប៉ុនជាដើម”។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានរៀបចំកិច្ចប្រជុំលើកទី២របស់ពួកគេកាលពីខែមុនលើការទាមទាររបស់សហរដ្ឋអាមេរិកឲ្យកូរ៉េខាងជើងរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការធានាសន្តិសុខនិងការដកទណ្ឌកម្ម។
ប៉ុន្តែការចរចានៅប្រទេសវៀតណាមបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។
ប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងរក្សាការប្រុងប្រយ័ត្នលើកិច្ចសន្ទនា រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងស្របពេលមានក្តីព្រួយបារម្ភថាកិច្ចព្រមព្រៀងមួយរវាងគូសត្រូវចាស់ទាំងពីរអាចនាំឲ្យមានការវិលត្រលប់នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីបូព៌ា។
ប្រទេសជប៉ុនក៏មានការព្រួយបារម្ភផងដែរថា បញ្ហាដ៏សំខាន់នៃជោគវាសនារបស់ប្រជាពលរដ្ឋរបស់ខ្លួនដែលត្រូវបានចាប់ពង្រត់ដោយភ្នាក់ងារកូរ៉េខាងជើងគឺស្ថិតនៅពីក្រោយបញ្ហានុយក្លេអ៊ែរនិងមីស៊ីលក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។
លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេបាននិយាយថា លោកត្រាំបានលើកឡើងពីបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុននៅក្នុងជំនួបកំពូលរបស់លោកជាមួយលោកគីម។
លោកអាបេបាននិយាយថា ប្រទេសជប៉ុនបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងមានភាពធម្មតាឡើងវិញជាមួយកូរ៉េខាងជើងប៉ុន្តែបញ្ហាជាច្រើនរួមទាំងការចាប់ពង្រត់ប្រជាពលរដ្ឋរបស់ខ្លួនដោយកូរ៉េខាងជើងផងដែរនោះគឺត្រូវតែដោះស្រាយជាមុនសិន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments