Ad Code

ចាន់ ប៊ុន​ហឿន ជួប ហ្វា​និមិត្ត ឯ រិ​ទ្ធ ភូ​លូ ជួប ប្រា​កាយ​ផេ​ត នៅ​សង្វៀន​ស្ទឹងមានជ័យ​



ប្រដាល់ ៖ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ពួកគេ​ទាំងពីរ​នាក់​នេះ ត្រូវគេ​ផ្គូឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ។​

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ​ហ្វា​និមិត្ត វី​រី​យ៉ាក​ហ្វា​ម (Fanimit Viriyakfarm) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផេ​ត ផូ​ស្រ៊ី កាលពី​ថ្ងៃទី​០១ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លងទៅ។​

ចាន់ ប៊ុន​ហឿន ជា​លើក​ទី​៤០​ របស់​គេ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​៣៩​លើក​កន្លងមកនេះ គឺ​ឈ្នះ​២៨​លើក ចាញ់​០៨​លើក និង​ស្មើ​០៣​លើក។​ ហ្វា​និមិត្ត គេ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ច្រើនលើក​ហើយ​នាពេល​កន្លងមក។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា ហ្វា​និមិត្ត គេ​ល្អ​ និង​ខ្លាំង ដែល​មិន​អាច​មើលស្រាល​បានឡើយ។​

ហ្វា នី​មិត្ត គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​ចាន់ ប៊ុន​ហឿន ប៉ុន្មាន​ដែរ។ អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។ ហ្វា​និមិត្ត គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨០លើក ឈ្នះ​៥៦​លើក ចាញ់​២២​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើនលើក។​ ហ្វា​និមិត្ត កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ថ្មី​កម្ពុជា ​សឿន ឆ្នើម ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៧១​លើក និង​ចាញ់​១៤​លើក និង​ស្មើ​០៤​
លើក ។ ប៊ុន​ហឿន គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង ​ចាន់ ប៊ុន​ហឿន និង ហ្វា នី​មិត្ត នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?។​

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ​ប្រា​កាយ​ផេ​ត និ​ត​អ៊ី​សា​មួយ (Prakaypetch Nithisa muy)។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។

ជា​លើក​ទី​១៨ សម្រាប់​រិ​ទ្ធ ភូ​លូ ហើយ ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។​ ក្នុង​១៦​លើក​កន្លងមក ភូ​លូ វាយ​ឈ្នះ​ថៃ​១៤​លើក និង​ចាញ់​៣​លើក។ ការជួប​ថៃ​លើកចុងក្រោយ​នេះ (៣១​មីនា​២០១៩) ភូ​លូ វាយ​ចាញ់​ថៃ Rithiara ដោយ​ពិន្ទុ។​

រិ​ទ្ធ ភូ​លូ ទោះជា​គេ​ទើបបាន​ផ្គូផ្គង​ឲ្យ​ជួប​បរទេស​ក៏ដោយ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មាន​ខ្លាចញញើត​ទេ។ គេ​ទើប​ឡើង​ប្រកួត​បាន​ចំនួន​៦៣​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៤៥​លើក ចាញ់​១៤​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៨​លើក។

ប្រា​កាយ​ផេ​ត គេ​ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ម្តង​ពីរដង​ហើយ កន្លង​មក ។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ ព្រោះ​បើតាម​ប្រវត្តិ ប្រា​កាយ​ផេ​ត ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៧៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​ស្មើ​០៣​លើក។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ផ្លែ​មុត​ស្រួច​ល្អ ទាំង​កណ្ដាប់ដៃ ទាត់ និង ជង្គង់ ហើយ​ថែមទាំង​មិន​ចេញ​ខ្លាច​ទៀតផង។ បើ​ប្រៀប​ជាមួយ​រិ​ទ្ធ ភូ​លូ គឺ​មិនដឹងថា យ៉ាងណា​នោះទេ ព្រោះថា រិ​ទ្ធ ភូ​លូ គេ​ក៏​វាយ​មិនចេះ​ខ្លាច​ដែរនោះ។

យ៉ាងណា ប៉ះ​ជាមួយ​រិ​ទ្ធ ភូ​លូ ប្រា​កាយ​ផេ​ត​ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ភូ​លូ គេ​វាយ​បុក​ខ្លាំង កណ្ដាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ។ ​ដូច្នេះ​ចាំមើល តើ រិ​ទ្ធ ភូ​លូ អាច​យកឈ្នះ​ប្រា​កាយ​ផេ​ត បាន​ឬ​អត់ ក្នុងការ​ជួបគ្នា​លើក​ដំបូង​នេះ?។​

ដោយឡែក អ្នក​ប្រដាល់​រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ យ៉​ន ពិសី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់៥៤គីឡូក្រាម។

ចំណែក​ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu