Ad Code

កីឡាករ​-​កីឡាការិនី​ប្រដាល់​សកល​កម្ពុជា ​ចាញ់​អស់ហើយ ក្នុង​ការ​ប្រកួត​បើកទូលាយ​ នៅ​ប្រទេស​ថៃ​



ប្រដាល់ ៖ កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​៧​រូប ដែល​ក្នុងនោះ​២​រូប​ ជា​កីឡាការិនី​នោះ បាន​ទទួល​បរាជ័យ​នៅ​ជុំ​ទី​១ ​ក្នុង​ព្រឹត្តិការណ៍​The 1st Thailand Open International Boxing​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។​

​លោក វ៉ែន សុផល គ្រូបង្វឹក​កីឡាប្រដាល់​ជម្រើស​ជាតិ បាន​រាយការណ៍​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែលជា​ទីកន្លែង​ប្រកួត​មក​ថា កីឡាករ​-​កីឡាការិនី​កម្ពុជា​ សុទ្ធតែ​ចាញ់​នៅ​ជុំ​ទី​១​ទាំងអស់គ្នា។​ក្នុងនោះ អ្នក​ប្រដាល់ ​សៅ រង្សី ទម្ងន់​៤៩​គីឡូក្រាម ដែល​ជា​អ្នក​ប្រដាល់​វ័យក្មេង​គួរ​ឲ្យ​ទុកចិត្ត​នោះ​បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ស្រីលង្កា​Mutunaka Pedi Geda។​

​អ្នក​ប្រដាល់ បាង ដុន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ប្រកួត​ចាញ់​អ្នក​ប្រដាល់​ចិន​ឈ្មោះ Chen Zhihao​។​

ណាត សៀក​និ​ន អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ ដែល​គេ​ស្គាល់​ជាទូទៅ​ថា ពេជ្រ ម្ទេសខ្មាំង​នោះ​ចាញ់​អ្នក​ប្រដាល់​ចិន​Shan Jun។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

​អ្នក​ប្រដាល់​យ៉ុ​ន ដា​រ័ត្ន ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ស្រីលង្កា​PonnaWila Vigawalage Don Drindu Du។

អ្នក​ប្រដាល់ វី សុ​ភ័ស្ស ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នោះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឥណ្ឌា Ashish។​

ចំពោះ​កីឡាការិនី​ទាំង​២​រូប​វិញ​នោះ កីឡាការិនី​នូវ ស្រី​ពៅ ដែលជា​កីឡាការិនី​គួរ​ឲ្យ​សង្ឃឹម​ជាងគេ​នោះ​ប្រកួត​ចាញ់​កីឡាការិនី​ឥណ្ឌា​Nikhat Zareen។ កីឡាការិនី​រូបនេះ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម។ កីឡាការិនី វី ស្រី​ខួច ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ ក៏​ប្រកួត​ចាញ់​កីឡា​ការិនី​ឥណ្ឌូនេស៊ី​Hasanah Huswatun ដែរ​។​

ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​មួយ​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​វាស់​ស្ទង់​សមត្ថភាព​ព្រោះ​ឆ្នាំនេះ​ជា​ឆ្នាំ​ស៊ី​ហ្គេម​តែ​តាមរយៈ​ការប្រកួត​នេះ បាន​បង្ហាញ​ថា អ្នក​ប្រដាល់​សាកល​កម្ពុជា​នៅមានកម្រិត​ទាប​ណាស់។ នេះ​ដោយសារតែ​ការប្រកួត​ក្នុងស្រុក មាន​សកម្មភាព​តិចតួច​និង​ស្ទើរតែ​គ្មាន ហើយ​អ្នក​ប្រដាល់​មួយចំនួន​បាន​ឆ្លៀត​លួច​ទៅ​ប្រកួត​គុន​ខ្មែរ ដើម្បី​បាន​លុយកាក់​ខ្លះ ដើម្បី​ជីវភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu