Ad Code

សម្ដេច​ចៅហ្វាវាំង គង់​សំ អុល​ ជួយឧបត្ថម្ភ​អណ្ដូងស្នប់ និង​អណ្ដូង​លូ​ចំនួន​១០៣​អណ្ដូង ​ជូន​ប្រជាពលរដ្ឋ​បម្លាស់ទី​ផ្ទះ​ទឹក​ឡើងគោក​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌



កំពង់ឆ្នាំង​ ៖ ​ដោយ​ពិនិត្យ​ឃើញ​នូវ​ការ​លំបាក និង​​ការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ អណ្ដូងស្នប់​ចំនួន​៣ និង​អណ្ដូង​ចំនួន 100 អណ្ដូង ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​ព្រះបាទ​សម្តេច​ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​សម្ដេច​ជហ្វា​វាំង គង់ សំអុល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​​ជួយ​ខេត្ត​កំពង់ឆ្នាំង ​ជួយឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ ខណៈ​ដែល​ពួកគាត់​បាន​បម្លាស់ទី​ផ្ទះ​ទឹក​ពី​ក្នុង​ទន្លេ ឡើង​មក​រស់នៅ​លើគោក។

លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃ​ទី​22 ខែ​មេសា ឆ្នាំ​2019 បាន​និយាយ​ឲ្យ​ដឹងថា ដោយ​ពិនិត្យ​ឃើញ​ការលំបាក និង​សេចក្តី​ត្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុងពេល​ពួកគាត់​បន្លាស់​ផ្ទះ​បណ្ដែត​ទឹក​ពី​ក្នុង​ទន្លេ​ឡើង​មក​រស់នៅ​លើគោក សម្ដេច ជហ្វា​វាំង គង់ សំអុល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់​ឆ្នាំង បាន​នាំយក​ព្រះរាជ​អំណោយ​របស់ ព្រះបាទ​​សម្ដេច​នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​អណ្ដូង​លូ​ចំនួន​100 និង​អណ្ដូងស្នប់​ចំនួន 3 អណ្ដូង ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ។

លោក សាំង គឹម​ស៊ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អំណោយ​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ​ គឺ​បាន​បែងចែក​ជូន ប្រជា​ពល​រដ្ឋ​ចំនួន​៣​ភូមិ គឺ​ភូមិ​សេះ​ស្លាប់​ទទួល​បាន​អណ្តូង​លូ​ចំនួន 26 អណ្ដូង ដែល​បាន​និង​កំពុង​កសាង​ជិត​រួចរាល់​ហើយ និង​អណ្ដូងស្នប់​ចំនួន​៣​អណ្តូង ក្នុង​នោះ​អណ្ដូងស្នប់​០១​គ្រឿង ជា​អំណោយ​របស់ ឯកឧត្ដម សូ ស៊ីនួន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ឆ្នុកទ្រូ។ ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់ព្រះ ទទួល​បាន​អណ្ដូង​លូ​ចំនួន 24 ផងដែរ ​ដែល​មកដល់​ពេលនេះ​កសាង​បាន 10 អណ្ដូង​រួចហើយ។ ដោយឡែក​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ឆ្នុកទ្រូ និង​ ទទួល​បាន​អណ្តូង​លូ​ចំនួន 50 ដែល​នឹងត្រូវ​កសាង​ជា​បន្តបន្ទាប់​ក្នុងពេល​ខាងមុខនេះ។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សេះ​ស្លាប់​បាន​ឲ្យ​ដឹង​ថា​ ក្រោយពេល​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ពី​ក្នុង​ទន្លេ​ឡើង​មក​រស់នៅ​លើគោក​វិញ​នោះ ពួកគាត់​ពិតជា​ជួប​ការលំបាក​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយ​កន្លងមក​ពួកគាត់​បាន​ដឹក​ទឹក​ពី​ទន្លេ ឬ​ទិញ​ទឹក​ពី​កន្លែង​នានា​មក​ប្រើប្រាស់។ ចំពោះ​អំណោយ​អណ្ដូង​ទាំងអស់​ខាងលើនេះ ពួកគាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់ ​សម្ដេច​ជ​វា​ហ្វា​វាំង គង់ សំអុល ដែល​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ព្រះបាទសម្ដេច​នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ជួប​ការ​លំបាក ដោយ​ពួកគាត់​សូម​គោរព​ជូនពរ​ដល់ ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្តេច គង់ សំអុល សូម​ឲ្យ​មាន​ព្រះរាជ​សុខភាព និង​ សុខ​ភាព​ល្អ​បរិបូរណ៍ បញ្ញា​វាងវៃ ជួបប្រទះ​តែ​នឹង​សេចក្តី​សុខ​គ្រប់ប្រការ ដើម្បី​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​រហូត​តទៅ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu