Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​២៥



ប្រទេស​ថៃ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ បាន​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN BAC) និង​ប្រជុំ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​២៥ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Angsana Laguna Phuket នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។

ក្រសួង​បាន​ឲ្យ​ដឹងថា កិច្ច​ពិគ្រោះ​យោបល់ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ អគ្គលេខាធិការ​អាស៊ាន គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង​តំណាង ASEAN BAC ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​អាស៊ាន ៤.០ ជាពិសេស​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​សហគ្រាស​មីក្រូ តូច និង​មធ្យម គោលនយោបាយ និង​ធនធានមនុស្ស​, កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់​។



នា​យប់​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ លោក រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដឹកនាំ​ដោយ​លោកជំទាវ Chutima Bunya praphasara រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឧ​ត្ត​ម​មន្ត្រី និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។ រដ្ឋមន្ត្រី​ទាំងអស់​បាន​ពិនិត្យ និង​អនុម័ត​លើ​វិស័យសេដ្ឋកិច្ច​ជា​អាទិភាព​របស់​ប្រទេស​ថៃ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ២០១៩ ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» ដែល​ផ្តោត​ទៅ​លើ​ការរៀបចំ​ខ្លួន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ពង្រឹង​ការ​តភ្ជាប់​អាស៊ាន​តាមរយៈ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាស៊ាន​។



ក្រសួង​បន្ត​ថា កិច្ចប្រជុំ​ក៏បាន​ពិនិត្យ និង​ឯកភាព​លើ​ការ​ទទួលស្គាល់​ទៅវិញទៅមក ស្តី​ពី​យានយន្ត និង​យន្តការ​ដោះស្រាយ​ជម្លោះ​ដែល​ត្រូវ​បាន​កែសម្រួល​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​សំណើ​បង្កើត​សហគមន៍​អាស៊ី​ខាងកើត ក៏ដូចជា​ការចូលរួម​វិភាគទាន​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​ខាងកើត (ERIA) ផងដែរ​។

​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ លោក រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​អំពី​សំណើ​របស់​កម្ពុជា ក្នុង​ស្នើសុំ​ឲ្យ​មាន​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តី​ពី ការ​ដាក់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​មក​លើ​អង្ករ Indica កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា និង​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ណែនាំ​ស្ថាន​បេសកកម្ម​របស់​ខ្លួន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចេញ​សេចក្តីប្រកាស​គាំទ្រ​កម្ពុជា​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ឯកភាព និង​គាំទ្រ​សំណើ​របស់​របស់​កម្ពុជា​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu