Ad Code

ក្រសួងយុត្តិធម៌​ សម្រេច​ផ្អាក​ការងារ​ព្រះរាជអាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ជា​បណ្ដោះ​អាសន្ន ទាក់ទង​ទៅនឹង​ការកាប់​ទន្ទ្រាន​ព្រៃឈើ​លិច​ទឹក​



​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​លោក អង្គ​ វង្ស​វ​ឌ្ឍ​នា បានសម្រេច​ផ្អាក​មុខងារ​ជា​បណ្ដោះអាសន្ន​របស់ លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដោយ​សំអាង​ថា ព្រះរាជអាជ្ញា​រង​រូបនេះ ​មាន​ជាប់​ទាក់ទង​ទៅនឹង​ការផ្ដើមគំនិត​ក្នុង​អំពើ​កាប់ឆ្ការ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង និង​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក ព្រៃកោងកាង​ នៅ​ចំណុច​
​​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នេះ​បើតាម​លិខិត​ដែល​កម្ពុ​ជាថ្មី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​។

​តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ ​លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ផ្ញើ​ជូន​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ស្ដីពី​ការ​ផ្អាក​មុខងារ​ជា​បណ្ដោះអាសន្ន​របស់​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​បានទទួល​នូវ​លិខិត​លេខ​០៩/១៩ ចុះ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​១០៦២/១៩ ចុះ​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ និង​លិខិត​លេខ​១១.​អក​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ដែល​បាន​ជូនដំណឹង​ស្ដីពី​ការចោទប្រកាន់​លើ​ ឈ្មោះ ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង​ ពីបទ​ផ្ដើមគំនិត​ក្នុងការ​កាប់ឆ្ការ​គាស់ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ឬ​កាន់កាប់​ព្រៃឈើ​លិច​ទឹក និង​ព្រៃកោងកាង​ប្រព្រឹត្ត​នៅ​ចំណុច​បឹង​អត្រា​ព្រួល ស្ថិតនៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់​ធំ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្ដីពី​ជលផល​។

​តាម​លិខិត​ចុះ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ដដែល​បញ្ជាក់ថា តាម​មាត្រា​៥៨ និង​មាត្រា​១០០ នៃ​ច្បាប់​ ស្ដីពី​លក្ខន្តិកៈ​ នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា ក្រសួង​ស្នើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ធ្វើការ​ផ្អាក​មុខងារ​រប​ស់ លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញា​រង ជា​បណ្ដោះអាសន្ន​រហូតដល់​មាន​សេចក្ដី សម្រេច​របស់​តុលាការ​អំពី​ទោស​ជា​ស្ថាពរ​។​

​ទាក់ទង​បញ្ហា​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ថា នេះ​ជា​បែបបទ​រដ្ឋបាល កាលណា​មន្ត្រី​ណាមួយ​ជាប់​បណ្តឹង​អាជ្ញា​ឬ​ស្ថិតក្នុង​ដំណើរ​នីតិ​វិធីតុលាការ ច្បាប់​តម្រូវ​ឲ្យ​ផ្អាក​ការងារ​សិន ដើម្បី​ជា​ប្រយោជន៍ នៃ​ការ​ស៊ើប​អង្កេត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu