Ad Code

សម្ដេច​ក្រឡាហោម​ ស ខេង ​បានចេញ​សេចក្ដីណែនាំ ​ស្តីពី​ការបង្កើន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ភ្នំ​ពេញ



ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​ណែនាំ ស្ដីពី​ការ​បង្កើន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន។ នេះ​បើ​តាម​សេចក្ដី​ណែនាំ ​ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ជាតិ និង​សមត្ថកិច្ច​ ដែល​មាន​ការ​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ មាន​ជាអាទិ៍​អំពើ​ភេរវកម្ម​ ការ​ចរាចរ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​សម្អាត​ប្រាក់ ការ​ជួញដូរ​រត់ពន្ធ​មនុស្ស ការ​ជួញដូរ​អាវុធ​ខុសច្បាប់ និង​បទល្មើស​បច្ចេកវិទ្យា។

នៅ​ក្នុង​សេចក្ដីណែនាំ​បាន​លើកឡើង​ថា ​ក្រសួងមហាផ្ទៃ សូម​សំដែង​នូវ​ការ​កោតសរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ដែល​បាន​ខិតខំ​តស៊ូ​ និង​សហការ​ជាមួយ​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ឆន្ទៈ​មោះមុត​ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រេច​បាន​លទ្ធផល​ដ៏​ធំធេង​ក្នុង​ការ​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ជាពិសេស​ការ​តស៊ូ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​ខិតខំ​ទប់ស្កាត់​នូវ​ហានិភ័យ​ដែល​អាច​បង្ក​អសន្តិសុខ​ភាព​វឹកវរ ចលាចល​ និង​មហន្តរាយ​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​ទាំងមូល​កិត្តិយស និង​កិត្យានុភាព​ជាតិ​។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ ​ក្រសួង​ បាន​ទទួល​ព័ត៌មាន​ និង​ធ្វើការ​កត់សម្គាល់​នូវ​សញ្ញាណ ទាក់ទង​ដល់​ការប៉ុនប៉ង​លួចលាក់​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិសាស្ត្រ​មួយចំនួន មានការ​ធ្វេស​ប្រហែស​ខ្វះ​ការប្រុងប្រយ័ត្ន។​

សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ​ស ខេង បាន​សង្កត់ធ្ងន់​ទៀតថា ដើម្បី​បន្ត​ថែរក្សា​ពង្រឹង​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម​ ដោយ​មិន​ទុកឲ្យ​មាន​ភាព​ចន្លោះប្រហោង​សម្រាប់​ពួក​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​សង្គមជាតិ​បាន​ ក្រសួងមហាផ្ទៃ ​សូម​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​នគរបាលជាតិ​ និង​សមត្ថកិច្ច ក្រោម​ឱវាទ​ដែលមាន​ការពាក់ព័ន្ធ​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ឲ្យ​បាន​នៅជាប់​ជាប្រចាំ​នឹង​បាត់​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​មាន​ជាអាទិ៍​អំពើ​ភេរវកម្ម​ ការ​ចរាចរ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់ បទល្មើស​សំអាត​ប្រាក់ ការជួញដូរ​រត់ពន្ធ​មនុស្ស ការជួញដូរ​អាវុធ​ខុសច្បាប់​ និង​បទល្មើស​បច្ចេកវិទ្យា.. ។​ល​។​

ដោយឡែក ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ និង​ការ​សំអាត​ប្រាក់ ​ទន្ទឹមនឹង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិធានការ​ទាំងឡាយ​ដែល​បានដាក់​ចេញ​ដោយ​គណៈកម្មាធិការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​និង​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការ​សំអាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម (​គ ស ហ ) ក្រសួងមហាផ្ទៃ ​សូម​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ត្រូវ​បង្កើន​វិធានការ​ក្នុង​ការសហការ​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ ច្រកទ្វារព្រំដែន​អន្តរជាតិ​ ច្រកទ្វារព្រំដែន​ទ្វេភាគី ​ច្រក​ទ្វារ​តំបន់​ព្រំដែន​កំពង់ផែ​សមុទ្រ​ និង​តាម​ខ្សែបន្ទាត់​ព្រំដែន​ហើយ​ត្រូវ​រាយការណ៍​ស្នើសុំ​គោលការណ៍​ចង្អុល​ដឹកនាំ​បន្ទាន់​ពី​ក្រសួង​មហាផ្ទៃ​ ក្នុងករណី​មាន​បទ​ល្មើស​កើតឡើង​។​

នៅក្នុង​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ​ស ខេង​ ក៏បាន​បញ្ជាក់​ផងដែរ​ថា អគ្គ​លេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ​អគ្គ​អគ្គស្នងការ​នគរ​បាល​ជាតិ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អគ្គនាយកដ្ឋាន​រដ្ឋបាល ​និង​អង្គភាព​ក្រោម​ឱវាទ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ ត្រូវ​ចាត់ចែង​អនុវត្ត​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu